សហព័ន្ធហុកគីទឹកកកអន្តរជាតិ នឹងដាក់ឧបករណ៍ការពារកញ្ចឹងកនៅ Winter Olympics 2026 ក្រោយហេតុការណ៍ Adam Johnson
20-11-2025 16:44
(បរទេស)៖ សហព័ន្ធហុកគីទឹកកកអន្តរជាតិ (IIHF) នឹងដាក់ឧបករណ៍ការពារកញ្ចឹងក សម្រាប់កីឡាករនៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងា Milano Cortina Winter Olympics 2026, នេះបើតាមការរាយការណ៍របស់ BBC។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការស្លាប់របស់ខ្សែប្រយុទ្ធ Adam Johnson របស់ក្រុម Nottingham Panthers ក្នុងខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវបានមុតរបួសដោយកាំស្គីរបស់កីឡាករម្នាក់ទៀតអំឡុងពេលការប្រកួតលីគ ។
ការប្រកួតកីឡាហុកគីទឹកកក នៅព្រឹត្តិការណ៍ Milano Cortina Winter Olympics 2026 នឹងប្រកួតពីថ្ងៃទី០៥-២២ ខែកុម្ភៈ ខណៈអាជ្ញាធរគ្រប់គ្រងកីឡា បានចេញច្បាប់ឱ្យប្រើប្រាស់ឧបករណ៍ការពារកនេះ នៅក្នុងការប្រកួតទាំងអស់នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ។
ដោយនេះជាការពង្រីកច្បាប់ដែលមានរួចហើយសម្រាប់ការប្រកួតអាយុក្រោម ១៨ឆ្នាំ និងក្រោម ២០ឆ្នាំ។ តែទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទសម្រាប់ការអនុវត្តនៅកម្រិតជាន់ខ្ពស់មិនត្រូវបានកំណត់ទេ ដោយសារតែការព្រួយបារម្ភអំពីការផ្គត់ផ្គង់ឧបករណ៍។
កាលពីខែមិថុនា Daily Faceoff បានរាយការណ៍ថា លីគហុកគី National Hockey League (NHL) នឹងធ្វើឱ្យឧបករណ៍ការពារកញ្ចឹងកកីឡាករ ក្លាយជាកាតព្វកិច្ចសម្រាប់កីឡាករដែលចូលរួមលីគចាប់ពីរដូវកាល២០២៦-២៧ ។
របាយការណ៍នេះ បានបង្ហាញថា សម្រាប់កីឡាករដែលត្រូវការប្រកួតលីគ NHL មុនរដូវកាលនោះ នឹងមិនត្រូវបានតម្រូវឱ្យពាក់ឧបករណ៍ការពារនោះទេ ៕






