ក្រុមហ៊ុន Carbon Credit Cambodia បើកដំណើរការសាកល្បង ក្រោមការប្ដេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា
21-11-2025 08:07
(ភ្នំពេញ)៖ ក្រុមហ៊ុន Carbon Credit Cambodia បើកដំណើរការសាកល្បងក្រោមការប្ដេជ្ញាចិត្តគាំទ្រ និងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។
Carbon Credit Cambodia គឺជាដៃគូដ៏រឹងមាំរវាង Next Tycoon International និង NOVVA Group ដោយនឹងចូលរួមចែករំលែកគោលដៅតែមួយ ដើម្បីជួយប្រទេសកម្ពុជា ការពារបរិស្ថានធម្មជាតិរបស់ខ្លួន ខណៈពេលដែលបង្កើតឱកាសថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច ការវិនិយោគបៃតង និងការអភិវឌ្ឍសហគមន៍។
ការចូលមករបស់ Carbon Credit Cambodia ធ្វើឡើងខណៈពេលពិភពលោកកំពុងប្រឈមមុខ នឹងបញ្ហាប្រឈមធ្ងន់ធ្ងរលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ជីវិត, អាហារ និងអនាគតរបស់យើង។
លោក DATO SRI HATORI ស្ថាបនិក Carbon Credit Cambodia បានថ្លែងដឹងថា ចំពោះការបើកដំណើរការ Carbon Credit Cambodia ជាជំហានដ៏ធំមួយសម្រាប់ថ្ងៃខាងមុខ តាមរយៈ CCC យើងចង់អភិវឌ្ឍគម្រោងឥណទានកាបូនដែលមានទំនុកចិត្ត គ្រប់គ្រងបានល្អ និងទទួលស្គាល់ជាអន្តរជាតិ។ ទាំងនេះគឺជាគម្រោងដែលកាត់បន្ថយការបំភាយឧស្ម័ន ដែលបង្កគ្រោះថ្នាក់-តាមរយៈ ការការពារព្រៃឈើ ការប្រើប្រាស់ថាមពលស្អាត ឬកែលម្អរបៀបដែលយើងប្រើប្រាស់ដីធ្លី និងធនធាន។
លោកបានបន្ដថា ការបើកដំណើរការពេលនេះជាជំហានដ៏ធំមួយសម្រាប់ថ្ងៃខាងមុខ ក្នុងថ្ងៃនេះយើងកំពុងកំណត់ទិសដៅ ដើម្បីសម្រេចបាននៅខែខាងមុខ ក្នុងនោះយើងនឹងចាប់ផ្តើមគម្រោងសាកល្បង ជាមួយអ្នកជំនាញ និងសហគមន៍មូលដ្ឋាន ហើយធានាឱ្យបានថាជំហាននីមួយៗ ដែលយើងធ្វើត្រូវតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត។
លោកបានបន្ថែមថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់អ្នកទាំងអស់គ្នារួមទាំងដៃគូស្ថាបនិក និងអ្នកគាំទ្រ ក្នុងការខិតខំប្រឹងប្រែង និងជំនឿចិត្តរបស់អ្នកលើចក្ខុវិស័យនេះ គឺជាអ្វីដែលបាននាំយកយើងមកដល់ថ្ងៃនេះ»។
លោក SHAHARUDDIN BIN ONN ឯកអគ្គរដ្ធទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំម្ពុជា បានថ្លែងអំណរគុណចំពោះ Dato’ Sri Hatori ក្នុងកម្មវិធីបើកដំណើរការសាកល្បង Carbon Credit Cambodia (CCC) និងសូមអបអរសាទរដល់ស្ថាបនិក និងដៃគូនៃ Carbon Credit Cambodia — Next Tycoon International និង NOVVA Group ចំពោះកម្មវិធីបើកដំណើរការ Carbon Credit Cambodia (CCC)នៅកម្ពុជា។
លោកឯកអគ្គរដ្ធទូតបន្ដថា «ប្រព័ន្ធឥណទានកាបូនបានដើរតួជាឧបករណ៍យ៉ាងសំខាន់ ដើម្បីគាំទ្រដល់គោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព ឥណទានកាបូនតែមួយមិនត្រឹមតែតំណាងឱ្យការបំភាយឧស្ម័នមួយតោនប៉ុណ្ណោះទេ ក៏តំណាងឱ្យការច្នៃប្រឌិត កិច្ចសហការ និងការទទួលខុសត្រូវរួមគ្នាចំពោះបរិស្ថានផងដែរ»។
លោកបានបន្ដថា ការបង្កើត Carbon Credit Cambodia ក្នុងន័យនេះ អាចជំរុញបន្ថែមទៀតនូវគំនិតផ្តួចផ្តើម មានគុណភាពខ្ពស់ប្រកបដោយចីរភាព ដោយរាប់បញ្ចូលចាប់ពីព្រៃឈើ និងថាមពលស្អាត រហូតដល់ការគ្រប់គ្រងការប្រើប្រាស់ដីធ្លី និងការផលិត Biochar ក្នុងនោះយើងជឿជាក់ថា CCC អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងការទទួលខុសត្រូវផ្នែកបរិស្ថាន និងក្នុងការជួយប្រទេសកម្ពុជា សម្រេចបាននូវគោលដៅនិរន្តរភាពជាតិ និងការកាត់បន្ថយកាបូនរបស់ខ្លួន៕












