កម្ពុជា នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ក្រោយធានានូវការការពារពិសេសពីម្ចាស់ផ្ទះថៃ
21-11-2025 08:26
(ភ្នំពេញ)៖ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអត្តពលិកកម្ពុជាចំនួន ២១ប្រភេទ ដែលមានកីឡាករ-កីឡាការិនីចំនួន ២២២នាក់ នឹងត្រូវបានបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៣-២០ ខែធ្នូខាងមុខ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
កីឡាទាំង ២១ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដង ស្របតាមស្មារតីកីឡា និងចលនាអូឡាំពិកអន្ដរជាតិនេះ រួមមានកីឡាអត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបមានចំនួន ៣៣៣នាក់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជានឹងចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ ជាមួយធានា និងគាំពារយ៉ាងពិសេសពីម្ចាស់ផ្ទះថៃ ហើយប្រតិភូកីឡាកម្ពុជាទាំងអស់ នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅក្រុងបាងកក ។ លោករំឮកទៀតថា គោលការណ៍ចលនាអូឡាំពិក ដែលមិនមានការប្រកាន់រើសអើងឡើយ។ ការប្រកួតកីឡាក៏មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែងដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព សុខដុមនីយកម្ម។
លោកបានបង្ហាញសុទិដ្ឋិនិយមថា «ការចូលរួមនេះ នឹងអាចបើកផ្លូវឲ្យមានចំណងការទូតកីឡាកាន់តែប្រសើរ ដោយបានគោរពនូវគោលការណ៍កីឡាអន្ដរជាតិ និងធម្មនុញ្ញអូឡាំពិកបានល្អប្រសើរ ដែលអាចជាសញ្ញាណល្អនៃការបង្កើតនូវសុខដុមនីយកម្ម សុខុដុមរមនា ជាមួយបណ្ដាប្រទេស និងប្រជាជនទាំងអស់ នៅក្នុងតំបន់អាស៊ាន»។
គួរដឹងដែរថា កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៤ ដោយទទួលបានមេដាយមាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និង សំរឹទ្ធ ១២៧ គ្រឿង សរុប ២៨២ គ្រឿង ជាមួយមហាជោគជ័យដ៏អស្ចារ្យ និងល្បីល្បាញពាសពេញពិភពលោក រហូតមកដល់បច្ចុប្បន្នភាពជោគជ័យជាប្រវត្តិសាស្ដ្រមួយនេះ នៅតែមានការស្ងើចសរសើរមិនដាច់ពីមាត់ពីបណ្ដាប្រទេសជុំវិញពិភពលោក៕






