អ្នកច្បាប់អាមេរិក គ្រោងហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក មិនឲ្យនាំចូលឧបករណ៍ផលិតឈីបពីប្រទេសចិន
21-11-2025 08:48
(បរទេស)៖ ក្រុមសមាជិកសភាអាមេរិកមកពីគណបក្សទាំងពីរ បានបង្កើតសេចក្តីព្រាងច្បាប់មួយថ្មី មានគោលបំណងហាមឃាត់ក្រុមហ៊ុនក្នុងស្រុក ដែលទទួលបានប្រាក់ឧបត្ថម្ភក្រោមច្បាប់ CHIPS Act មិនឱ្យនាំចូលឧបករណ៍ផលិតឈីបពីប្រទេសចិនរយៈពេល ១០ ឆ្នាំ។ នេះជាការខិតខំប្រឹងប្រែងបន្ថែមរបស់រដ្ឋបាលអាមេរិក ក្នុងការការពារឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួនឯង និងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាផលិតឈីបពីប្រទេស ដែលត្រូវបានចាត់ទុកជាគូប្រណាំងយុទ្ធសាស្ត្រ។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ស្នើក្នុងសភាដោយតំណាងរាស្ត្រចំនួនពីររូប គឺ លោក Jay Obernolte មកពីគណបក្សសាធារណរដ្ឋ និង តំណាងរាស្ត្រ លោកស្រី Zoe Lofgren មកពីគណបក្សប្រជាធិបតេយ្យ។ ច្បាប់ថ្មីនេះ នឹងហាមឃាត់ការទិញឧបករណ៍ផលិតផលិតផលពាក់កណ្តាលសម្រេច ទាំងអស់មកពីចិន រួមទាំងម៉ាស៊ីន lithography និងឧបករណ៍ដំណើរការបន្ទះស៊ីលីកុនផ្សេងៗ ទោះជាចិនមានគ្រឿងចក្រកម្រិតមធ្យមក៏ដោយ។ ការហាមឃាត់នេះត្រៀមអនុវត្តលើប្រតិបត្តិការនៅក្នុងអាមេរិកប៉ុណ្ណោះ មិនសំដៅលើរោងចក្ររបស់ក្រុមហ៊ុនទាំងនេះនៅក្រៅប្រទេសឡើយ។ ក្រុមសមាជិកសភាបានបញ្ជាក់ថា ចិនបានវិនិយោគលើស ៤០ពាន់លានដុល្លារ ក្នុងឧស្សាហកម្មផលិតឧបករណ៍ពាក់កណ្តាលសម្រេចរបស់ខ្លួន ហើយកំពុងបង្កើនអំណាចរបស់ខ្លួននៅលើទីផ្សារពិភពលោក។ ដូចនេះ ការប្រើប្រាស់ប្រាក់រដ្ឋាភិបាលអាមេរិក ក្រោមច្បាប់ CHIPS Act ដើម្បីទិញឧបករណ៍ពីចិន ក្លាយជាបញ្ហាប្រកបដោយសារៈសំខាន់ជាយុទ្ធសាស្ត្រ។
ក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលសម្រេចអាមេរិកដូចជា Applied Materials, Lam Research និង KLA បានគាំទ្រច្បាប់នេះ ព្រោះពួកគេចង់ការពារខ្សែសង្វាក់របស់ខ្លួន និងរក្សាការវិនិយោគ R&D នៅក្នុងស្រុក។ ពួកគេក៏ព្រួយបារម្ភថា ការដាក់ការហាមឃាត់នាំចេញទៅចិនអាចប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្លួនផងដែរ។ សេចក្តីព្រាងច្បាប់ក៏រួមបញ្ចូលការហាមឃាត់សមាធាតុស្រដៀងគ្នានេះចំពោះឧបករណ៍មកពីប្រទេសផ្សេងៗទៀតដូចជា អ៊ីរ៉ង់ រុស្ស៊ី និងកូរ៉េខាងជើង។
គួរជម្រាបថា បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលប្រាក់ឧបត្ថមពីរដ្ឋាភិបាលអាមេរិកក្រោមច្បាប់ CHIPS Act រួមមាន Intel, TSMC, និង Samsung ដែលកំពុងសាងសង់រោងចក្រថ្មីនៅសហរដ្ឋអាមេរិកជាច្រើនកន្លែង៕









