ក្រុមហ៊ុន Foxconn គ្រោងចំណាយរហូតដល់ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំលើ AI

21-11-2025 09:48

(បរទេស)៖ Foxconn ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកធំបំផុតក្នុងពិភពលោក បានប្រកាសថា ខ្លួនមានគម្រោងចំណាយប្រាក់រហូតដល់ពី២ ទៅ ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីវិនិយោគលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល៣ ដល់ ៥ ឆ្នាំខាងមុខ។

តាមាករចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា ការវិនិយោគនេះគឺជាផ្នែកចម្បងនៃការប្រែប្រួលយុទ្ធសាស្ត្ររបស់ Foxconn ពីការផលិតឧបករណ៍អេឡិចត្រូនិកទៅរក AI និងមូលដ្ឋានបណ្ដាញ Cloud។ ប្រធានក្រុមហ៊ុន Foxccon លោក Young Liu បាននិយាយថា ការចំណាយលើ AI នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការលូតលាស់នាទសវត្សរ៍ក្រោយ ព្រោះផ្នែក Cloud និង AI Server របស់ក្រុមហ៊ុនកំពុងមានកំណើន លើសពីផលិតកម្មទំនិញអេឡិចត្រូនិកប្រពៃណីរបស់ខ្លួនរួចទៅហើយ។

លោកក៏បានព្យាករណ៍ថា ផ្សាររថយន្តអគ្គិសនី (EV) នៅចិន នឹងប្រឈមមុខនឹងរលកធ្ងន់ធ្ងរ ព្រោះមានក្រុមហ៊ុនជាច្រើនមិនទាន់រកប្រាក់ចំណេញបាន ហើយការប្រកួតប្រជែងកាន់តែខ្លាំង។ លោកមើលឃើញថា ក្រុមហ៊ុនមួយចំនួននឹងបាត់បង់ទីផ្សារ ហើយនឹងមានការរួមបញ្ចូលឬបិទការងារ។ លោក Liu បានប្រៀបធៀបស្ថានភាពរថយន្តអគ្គិសនីជាមួយឧស្សាហកម្មកុំព្យូទ័រពីមុន ដែលនៅពេលការប្រកួតប្រជែងខ្លាំង ក្រុមហ៊ុនជាច្រើនបានបង្វែរមកប្រើ ការផលិតខាងក្រៅ (outsourcing) ហើយ Foxconn យល់ឃើញថា នេះអាចក្លាយជាការចាប់អារម្មណ៍សម្រាប់រថយន្តអគ្គិសនីផងដែរ។

គួរជម្រាបថា ក្រៅពីនេះ Foxconn កំពុងពិភាក្សាជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីស្វែងរកការវិនិយោគលើ AI និងរថយន្តអគ្គិសនី ហើយលើកឡើងពីសារៈសំខាន់នៃ អធិបតេយ្យទិន្នន័យ (data sovereignty) ដែលប្រទេសត្រូវការប្រព័ន្ធ AI ផលិតនៅក្នុងស្រុក៕