ប្រធានក្លិប ISI រំពឹងស្ដារលទ្ធផលល្អវិញ នៅជុំទី២ ខណៈក្រុមកំពុងឡើងជើង

21-11-2025 14:53

(ភ្នំពេញ)៖ ទោះបីលទ្ធផលជុំទី១ មិនល្អប្រសើរ និងកំពុងឈរបាតតារាងយ៉ាងណា តែលោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ រំពឹងថា ការប្រកួតបន្ដបន្ទាប់ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា ក្រុមនឹងធ្វើបានល្អប្រសើរ ដ្បិតលោកមើលឃើញក្រុមកំពុងឡើងជើងគួរឲ្យកត់សម្គាល់។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានចុះហត្ថលេខាបន្ដភាពជាដៃគូសហការជាមួយក្រុមហ៊ុន ចូតាន់-ខេមបូឌា ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្លិប ពិសេសការអភិវឌ្ឍយុវជនបន្ដវេន កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេច ផាក។

លោកថា «ពិតណាស់! យើងអត់អាចលាក់ពិន្ទុបានទេ យើងនៅបាតតារាង។ ប៉ុន្ដែពីប្រកួតមួយទៅមួយ ទោះបីយើងចាញ់ យើងក៏មានរីកចម្រើនច្រើនដែរ ហើយការចាញ់នីមួយៗ វាចាញ់ពិបាកទៅៗ (ដៃគូពិបាក) ជាក់ស្ដែង ៣ប្រកួតចុងក្រោយ ក៏មានឈ្នះ១ ស្មើ ១ ដែរ ។ អ៊ីចឹងខ្ញុំគិតថា ការចាញ់ម្ដងៗ ធ្វើឲ្យការលេងរបស់យើងខ្លាំងជាងមុន មិនមែនខ្សោយជាងមុន។ នេះជាអ្វីដែលខ្ញុំគិតថា Fan ក៏គាត់ឃើញដែរ អាចជាសក្ខីភាពក្នុងការនិយាយរបស់ខ្ញុំ យើងកំពុងតែឡើងជើង...។ គោលការណ៍ យើងនឹងបន្ដការខិតខំ ហើយសង្ឃឹមថា ការប្រកួតបន្ដបន្ទាប់ នឹងអាចមានលទ្ធផលល្អឡើងវិញ»។

បន្ថែមលើនេះ លោកក៏រីករាយដែល ចូតាន់-ខេមបូឌា បានផ្ដល់សេចក្ដីទុកចិត្តបន្ដកិច្ចសហការ ជាមួយទិសដៅយូរអង្វែងជាមួយក្លិប ពិសេសក្នុងនាមដៃគូឧបត្ថម្ភធំក្រុមយុវជនរបស់ក្លិប លោកនឹងប្រើប្រាស់ការវិនិយោគរបស់ដៃគូឯកជននេះ ធ្វើម៉េចជំរុញទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលក្លិបកំពុងសាងសង់ទីលានហ្វឹកហាត់ថ្មី ដើម្បីធានាបាននូវការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលធនធានកីឡាករល្អៗ សម្រាប់អនាគតបាល់ទាត់កម្ពុជា។

ទន្ទឹមជាមួយគ្នា លោក Chan Jinn Yep អ្នកចាត់ការទូទៅក្រុមហ៊ុនខាងលលើ បានសម្ដែងក្ដីរីរាយ ដែលបានបន្ដកិច្ចសហការ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា តាមរយៈក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ទាំងក្រុមធំ ក៏ដូចជាក្នុងនាមម្ចាស់ឧបត្ថម្ភធំរបស់ក្រុមយុវជននេះផងដែរ។ លោកសង្ឃឹមថា ការវិនិយោគមួយនេះ នឹងមានរយៈពេលយូរអង្វែង ជាមួយការធ្វើដំណើរសន្សឹមៗបន្ដិចម្ដងៗ ដើម្បីរួមចំណែកជួយក្លិបឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់ ក៏ដូចជាផលិតបាននូវធនធានកីឡាករល្អៗសម្រាប់អនាគតបាល់ទាត់កម្ពុជា។

គួរដងឹថា ក្រឡេកចាប់អារម្មណ៍លទ្ធផលការប្រកួតជុំទី១ នៃលីគកំពូលកម្ពុជា របស់ក្រុម ISI ដង្កោសែនជ័យ ហាក់មិនសូវគាប់ប្រសើរដូចរដូវកាលមុនៗឡើយ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ ១ ស្មើ១ និងចាញ់ ៨ រកបាន ៤ពិន្ទុ ឈរលេខរៀងទី១១ បើធៀបនឹងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង ចាញ់ប្រៀបរហូតដល់ ២០ពិន្ទុឯណោះ៕