អៀរឡង់ខាងជើង ត្រូវប្រជែងកៅអី World Cup 2026 ទល់នឹងអ៉ីតាលី អតីតជើងឯក ៤សម័យ
21-11-2025 15:39
(បរទេស)៖ លោក Michael O’Neill អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអៀរឡង់ខាងជើង មានអារម្មណ៍ថា សម្ពាធទាំងអស់គឺធ្លាក់ទៅលើអ៉ីតាលី សម្រាប់វគ្គជម្រុះជុំទី២ ប្រចាំតំបន់អឺរ៉ុប ពីការប្រជែងកៅអី World Cup 2026 នាថ្ងៃទី២៦ ខែមីនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អៀរឡង់ខាងជើងមួយនេះ ត្រូវការជ័យជម្នះក្រៅផ្ទះ ២ប្រកួត ដើម្បីបានកៅអី World Cup ឆ្នាំក្រោយនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា នៅពេលដែលគ្រូបង្វឹក O’Neill បានប្រាប់កូនក្រុមរបស់លោកថា «នឹងមិនឱ្យបាត់បង់ឱកាសនេះទេ»។
តើពួកគេពិតជាអាចធ្វើឱ្យអ៉ីតាលី ម្ចាស់ជើងឯក World Cup ចុងក្រោយនាឆ្នាំ២០០៦ នៅអាល្លឺម៉ង់បន្តខកចិត្តទៀត ឬយ៉ាងណា មុនពេលធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវ៉េល ឬក៏បូស្នី ក្នុងរយៈពេល ៥ថ្ងៃបន្ទាប់ ដើម្បីប្រកួតផ្តាច់ព្រ័ត្រយកកៅអីតែម្តង?
គួររំលឹកផងថា អ៉ីតាលីមិនបានឡើងទៅលេង World Cup ជុំចុងក្រោយម្តងណាឡើយ គិតចាប់តាំងពីបង្ហាញខ្លួនចុងក្រោយកាល World Cup ឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ស្របពេលអៀរឡង់ខាងជើងវិញ បានអវត្តមានពីកម្មវិធីធំនេះតាំងពីឆ្នាំ១៩៨៦ មក។
ទោះជាបែបនេះក្តី លោក O’Neill ដែលបានកោះហៅសុទ្ធតែកីឡាករក្មេងៗ មានជំនឿជាក់ថា ពួកគេនឹងអាចឆ្លងផុតវគ្គជម្រុះជុំទី២ ប្រចាំទ្វីបអឺរ៉ុបនេះ បើទោះបីជាពួកគេបានរងបរាជ័យក្រោមថ្វីជើងអាល្លឺម៉ង់ និងស្លូវ៉ាគី នៅ ២ប្រកួតចុងក្រោយក្នុងពូលក៏ដោយ។
ជាការកត់សម្គាល់ផងដែរ អៀរឡង់ខាងជើងបានបញ្ចប់ក្នុងតំណែងលេខ៣ ក្នុងពូលជម្រុះជុំទី១ UEFA នៅពីក្រោមអាល្លឺម៉ង់ និងស្លូវ៉ាគី ក៏ប៉ុន្តែស្ថិតិនៅកម្មវិធី Nations League ញាំងឱ្យពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបានកៅអីលេងជម្រុះ ដែលត្រូវប៉ះអ៉ីតាលី ពីការចាប់ឆ្នោតយប់មិញដោយ FIFA៕



