Foxconn និង OpenAI ចាប់ដៃគ្នា ត្រៀមវិនិយោគ ១.៤ ពាន់ពាន់លានដុល្លារ ផលិតផ្នែក Hardware AI នៅសហរដ្ឋអាមេរិក

21-11-2025 16:49

(បរទេស)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេលើពិភពលោក Foxconn របស់តៃវ៉ាន់ និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ល្បីឈ្មោះ OpenAI បានប្រកាសពីកិច្ចសហការដ៏សំខាន់មួយ ដើម្បីរចនា និងផលិតគ្រឿងបរិក្ខារចាំបាច់សម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Center) និងផ្នែករឹង (Hardware) សម្រាប់បច្ចេកវិទ្យា AI ។ ភាពជាដៃគូនេះគឺសំដៅទាញយកផលចំណេញពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធ AI ដែលកំពុងកើនឡើងយ៉ាងគំហុកនៅទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

តាមរយៈកិច្ចសហការនេះ Foxconn នឹងក្លាយជាអ្នកផលិតដ៏សំខាន់ ដោយទទួលបានការយល់ដឹងស៊ីជម្រៅពីតម្រូវការបច្ចេកវិទ្យារបស់ក្រុមហ៊ុន AI ធំៗ។ ក្រុមហ៊ុនក៏បានបង្ហាញសុទិដ្ឋិនិយមថា AI នឹងក្លាយជាកត្តាជំរុញកំណើនដ៏ធំនៅឆ្នាំ ២០២៦។ ចំណែកឯ OpenAI វិញ នឹងមានសិទ្ធិចូលមើល និងមានជម្រើសទិញប្រព័ន្ធទាំងនោះមុនគេ។ លោក Sam Altman នាយកប្រតិបត្តិ OpenAI បានបញ្ជាក់ពីមហិច្ឆតាដ៏ធំរបស់ខ្លួនថា៖ «ក្រុមហ៊ុនOpenAI បានប្តេជ្ញាចំណាយរហូតដល់ ១,៤ ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍធនធានកុំព្យូទ័រទំហំ ៣០ ជីហ្គាវ៉ាត់»

គួរជម្រាបថា Foxconn បានសម្រេចចិត្តផលិតគ្រឿងបរិក្ខារទាំងនេះ ដូចជាខ្សែភ្ជាប់ ប្រព័ន្ធថាមពល និងឧបករណ៍បណ្តាញ នៅក្នុងរោងចក្ររបស់ខ្លួន នៅសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះមិនត្រឹមតែពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជួយជៀសវាងហានិភ័យពន្ធគយណាមួយដែលអាចកើតមាននាពេលអនាគតផងដែរ។ ក្រៅពីកិច្ចសហការជាមួយ OpenAI, Foxconn ក៏បានប្រកាសពីការបណ្តាក់ទុនរួមគ្នាដាច់ដោយឡែកជាមួយក្រុមហ៊ុន Intrinsic (ដែលជាផ្នែកមួយនៃ Alphabet) ដើម្បីបង្កើតប្រព័ន្ធរ៉ូបូត និងស្វ័យប្រវត្តិកម្មទូទៅនៅទូទាំងរោងចក្រផលិតរបស់ខ្លួន ដែលនឹងជួយបង្កើនល្បឿន និងប្រសិទ្ធភាពផលិតកម្មបានកាន់តែខ្ពស់៕