UEFA ដាក់ពិន័យខ្សែប្រយុទ្ធ Bayern ដោយសារតែការលេងមិនសមរម្យលើគូរប្រកួត

22-11-2025 10:21

(អឺរ៉ុប)៖ សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានឱ្យដឹងកាលពីថ្ងៃសុក្រថា កីឡាករ Luis Diaz របស់ក្រុម Bayern Munich ត្រូវបានសម្រេចដាក់ពិន័យចំនួន ៣ប្រកួតដោយសារតែការលេងមិនសមរម្យធ្ងន់ធ្ងរក្នុងជំនួប ២-១ លើក្រុមជើងឯក Champions League រដូវកាលមុន Paris St Germain កាលពីដើមខែវិច្ឆិកានេះ។

Diaz រកបានគ្រាប់បាល់ទាំង ២គ្រាប់នៅទីក្រុងប៉ារីស ប៉ុន្តែត្រូវបានបណ្តេញចេញពីការប្រកួត ដោយសារតែការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរទៅលើ Achraf Hakimi របស់ក្រុម PSG នៅចុងបញ្ចប់នៃវគ្គទី១ ។ ហើយមួយថ្ងៃក្រោយមក PSG បានបញ្ជាក់ថា Hakimi បានរងរបួសកជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយខ្សែការពារស្លាបអន្តរជាតិម៉ារ៉ុក រូបនេះមិនបានលេងឲ្យក្លឹបនៅ Ligue 1 គិតចាប់តាំងពីពេលនោះមក។

ខណៈថ្មីៗនេះ Hakimi ក៏ទើបបានទទួលពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិក កាលពីថ្ងៃពុធ ដោយដើរទាំងបញ្ហាជើងឡើងលើឆាកទទួលពាន មានជំនួយដោយកង់រុញ (scooter) ។

ជាមួយគ្នាបញ្ហាការពិន័យ ៣ប្រកួតនេះ លោក Vincent Kompany គ្រូបង្វឹកក្រុម Bayern បានឱ្យដឹងថា Diaz នឹងខកខានការដំណើរទៅប៉ះក្រុម Arsenal នៅថ្ងៃពុធក្នុងពាន Champions League នឹងបន្តអវត្តមានពីការប្រកួតក្នុងផ្ទះទល់នឹងក្រុម Sporting នៅថ្ងៃទី០៩ ខែធ្នូ និងប៉ះក្រុម Union St Gilloise នៅថ្ងៃទី២១ ខែមករា ខាងមុខ ។

សូមជម្រាបផងថា Bayern កំពុងឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Champions League រដូវកាលនេះក្នុងវគ្គជម្រុះ ដោយមាន ១២ពិន្ទុពីការប្រកួតចំនួន ៤លើក ដែលមានកំណត់ត្រាល្អឥតខ្ចោះ ស្មើជាមួយគូប្រជែង Arsenal និង Inter Milan ដែលលេងមិនទាន់ចាញ់ដូចគ្នា ។

បញ្ជាក់ផងថា Luis Diaz បានចុះកិច្ចសន្យាជាមួយក្លឹប Bayern Munich ក្នុងក្របខ័ណ្ឌ Bundesliga ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ ក្នុងតម្លៃប្រមាណ ៧៥លានអឺរ៉ូ រួមទាំងប្រាក់បន្ថែមផ្សែងទៀត ហើយរូនគេបានក្លាយជាកីឡាករកូឡុំប៊ីទី៣ បានចូលរួមជាមួយក្លិបនេះជាមួយការលេង ១៧ប្រកួតរកបាន ១១គ្រាប់មុនរងពិន័យនេះ ៕