VinFast ខាតបង់កើនទ្វេដង ខណៈចំណាយរាប់រយលានដុល្លារពង្រីកទីផ្សារប្រជែងជាមួយ Tesla
22-11-2025 11:52
(បរទេស)៖ ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម បានប្រកាសថាការខាតបង់សុទ្ធរបស់ខ្លួនក្នុងត្រីមាសទី ៣ បានកើនឡើងខ្លាំងដល់ជាង ៩១០ លានដុល្លារ (ប្រហែល ២៤ ទ្រីលានដុង) កើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។ ការខាតបង់ដ៏ធំនេះកើតឡើងស្របពេលដែលក្រុមហ៊ុនបានចំណាយខ្ពស់យ៉ាងខ្លាំងដើម្បីពង្រីកវត្តមានរបស់ខ្លួននិងជំរុញការលក់នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ និងអន្តរជាតិ ដែលជាសមរភូមិប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សដូចជា Tesla និងរថយន្តអគ្គិសនីចិន។ នេះបើយោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។
ដើម្បីសម្រេចមហិច្ឆតាពង្រីកខ្លួននេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងកម្ចីចំនួន ២៥០ លានដុល្លារ បន្ថែមទៀត។ ទោះបីជាការខាតបង់កើនក៏ដោយ ចំណូលសរុបរបស់ VinFast ក្នុងត្រីមាសនេះបានកើនឡើងជិត ៤៧%។ យ៉ាងណាមិញ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងគំហុកដល់កម្រិត អវិជ្ជមាន ៥៦,២% ដែលនេះបង្ហាញថាចំណាយលើការផលិតនិងការធានាគឺខ្ពស់ជាងចំណូលដែលទទួលបានពីការលក់ឆ្ងាយណាស់។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់ថា៖ «យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនក្នុង ត្រីមាសទី៣ ឆ្នាំ២០២៥ នៅតែបន្តផ្តោតលើការជំរុញកំណើនប្រាក់ចំណូល»។
អ្នកវិភាគ Izabella Yan មកពីក្រុមហ៊ុន Third Bridge បានចង្អុលបង្ហាញពីបញ្ហាប្រឈមសំខាន់របស់ VinFast ថា៖ «ក្រុមហ៊ុនបានបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនពីសហរដ្ឋអាមេរិកនិងអឺរ៉ុប ទៅកាន់ទីផ្សារអាស៊ីផ្សេងទៀត ប៉ុន្តែនៅតែប្រឈមមុខនឹងបញ្ហាប្រឈមស្រដៀងគ្នា ក្នុងការប្រកួតប្រជែងជាមួយ Tesla និងរថយន្តអគ្គិសនីចិន ដោយតម្លៃខ្ពស់របស់ខ្លួនជាឧបសគ្គដ៏ធំមួយ»។ ដូច្នេះហើយ VinFast កំពុងព្យាយាមកាត់បន្ថយថ្លៃដើមដោយប្តូរទៅប្រព័ន្ធលក់តាមរយៈអ្នកចែកចាយ (dealership) ជំនួសការលក់ដោយផ្ទាល់ ខណៈរំពឹងថាការលក់នៅឥណ្ឌាដែលទើបបើករោងចក្រនឹងជួយជំរុញកំណើនក្នុងត្រីមាសបន្ទាប់៕



