UEFA បង្ហាញការសុំទោស អ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យលុប Video អបអរសាទរ

22-11-2025 15:28

(អឺរ៉ុប)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានចេញសារសុំទោសអ្នកគាំទ្រស្កុតឡេន បន្ទាប់ពីបង្ខំឱ្យដកវីដេអូ ដែលបង្ហាញការអបអរសាទរក្រុមមានសិទ្ធិពេញលេញឡើងទៅ FIFA World Cup 2026 ចេញពីប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសារតែការរំលោភបំពានច្បាប់រក្សាសិទ្ធិ។

UEFA ដែលជាម្ចាស់នៃកម្មសិទ្ធិផ្សាយការប្រកួតនេះ បានឱ្យដឹងកាលពីថ្ងៃសុក្រថា «យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង ហើយសូមអរគុណចំពោះការយោគយល់របស់អ្នក»

សមាគមអ្នកគាំទ្របាល់ទាត់ស្កុតឡេន (SFSA) បានទទួលការជូនដំណឹងនេះតាមរយៈអ៊ីមែលពី UEFA ដោយបញ្ជាក់ថា ខ្លួនបានចែករំលែកវីដេអូដែលបង្ហាញពីការផ្សាយតាមទូរទស្សន៍នៃជ័យជម្នះ ៤-២ របស់ស្កុតឡេន ទៅលើដាណឺម៉ាក ក្នុងវគ្គជម្រុះ World Cup នៅលើបណ្តាញសង្គម X ដោយគ្មានការអនុញ្ញាត នឹងបង្ខំឱ្យលុបចេញ ។

សូមជម្រាបផងថា ការបង្ហោះវីដេអូទាំងនោះលើគណនី X របស់ (SFSA) គឺបានបង្ហាញអំពីក្រុមអ្នកគាំទ្រទូទាំងប្រទេសស្កុតឡេន កំពុងអបអរសាទរនៅជ័យជម្នះការប្រកួតកាលពីថ្ងៃអង្គារ ដោយក្រុមស្កុតឡេនទទួលបានកៅអីឡើងទៅ World Cup 2026 ជាលើកដំបូងរបស់ពួកគេ គិតចាប់តាំងពីឆ្នាំ១៩៩៨ ៕