នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតរបស់ FIFA

22-11-2025 15:29

(ម៉ាឡេស៊ី)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា នឹងមិនមានការបិទបាំងណាមួយនៅក្នុងការស៊ើបអង្កេតក្នុងស្រុកលើការក្លែងបន្លំឯកសារដែលនាំឱ្យស្ថាប័នគ្រប់គ្រង់បាល់ទាត់ពិភពលោក FIFA សម្រេចព្យួរកីឡាករចំនួន ៧នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិនោះទេ។

ពាក់ព័ន្ធករណីនេះ ស្ថាប័នបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងក្នុងពេលថ្មីៗនេះថា នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតជាផ្លូវការលើប្រតិបត្តិការផ្ទៃក្នុងទៅលើសមាគមបាល់ទាត់ម៉ាឡេស៊ី និងជូនដំណឹងដល់អាជ្ញាធរនៅក្នុងប្រទេសចំនួន៥ ដែលពាក់ព័ន្ធអំពីដំណើរនេះដែលអាចកើតមាន បន្ទាប់ពីបានបដិសេធបណ្តឹងឧទ្ធរណ៍របស់សមាគមប្រឆាំងនឹងការព្យួរកីឡាករ ។

កាលពីខែមុនសមាគម FAM បានផ្អាកអគ្គលេខាធិការរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងបង្កើតគណៈកម្មាធិការឯករាជ្យមួយដើម្បីស៊ើបអង្កេត ហើយក៏បានជូនដំណឹងថា មានគម្រោងនាំយកករណីនេះទៅតុលាការអាជ្ញាកណ្តាលកីឡា។

ជាមួយនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាថានឹងធ្វើឱ្យមានតម្លាភាពក្នុងការស៊ើបអង្កេត ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា FAM គួរតែត្រូវបានអនុញ្ញាតមានលក្ខខណ្ឌការពារខ្លួន ហើយរដ្ឋាភិបាលនឹងមិនធ្វើសកម្មភាពដោយផ្អែកលើការរកឃើញពីស្ថាប័ន FIFA ដោយឯកត្តោនោះទេ។

សូមជម្រាបផងថា ក្នុងករណីនេះ កីឡាករទាំងនោះត្រូវបានហាមឃាត់មិនឲ្យចូលលេងរយៈពេល ១២ខែ បន្ទាប់ពី FIFA បានរកឃើញថា កីឡាករមានឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ចុះសញ្ជាតិម៉ាឡេស៊ី ដើម្បីឲ្យពួកគេអាចលេងក្នុងវគ្គជម្រុះពានតំបន់អាស៊ី Asian Cup ដែលយកឈ្នះវៀតណាម ៤-០ កាលពីខែមិថុនាកន្លងទៅនេះ ខណៈប្រទេសដែល FIFA ជូនដំណឹងដល់អាជ្ញាធរក្នុងករណីនេះមាន ប្រេស៊ីល អាហ្សង់ទីន ហូឡង់ អេស្ប៉ាញ និងម៉ាឡេស៊ី ៕