សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ចំនួន២,៦៨០នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៊ែលធី (BELTEI Senior HIGH SCHOOL DIPLOMA)

22-11-2025 15:53

(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន២,៦៨០នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន៣៣សាខា (៣២សាខា កំពុងដំណើរការ និង ១សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។

លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ២,៧៥៤នាក់ ក្នុងនោះ ជាប់ ២,៦៨០នាក់ ស្មើនឹង៩៧.៣១% និងមានសិស្សនិទ្ទេស A ចំនួន២៣៩នាក់។

ចំពោះសិស្សដែលបានប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិ សម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡង ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។

ជាមួយនឹងជោគជ័យរបស់ក្មួយៗ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ ។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្រ បន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើស នូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃ អនាគត និង ប្រកួតប្រជែង ដណ្តើមទីផ្សារការងារ ជាមួយបណ្តាយុវជន ទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ដើម្បីដើរឱ្យទាន់នូវការរីកចម្រើន ផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម ៤.០។ ជាពិសេស ត្រូវមានមនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ ហើយត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ជាទីបញ្ចប់ លោកបណ្ឌិត និង លោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,៦៨០នាក់ នាពេលនោះផងដែរ៕