Liverpool ជួបប្រទះវិបត្តិធ្ងន់ធ្ងរ ខណៈកៅអីដឹកនាំរយៈពេល ៣ឆ្នាំរបស់លោក Slot ក៏កំពុងឡើងកំដៅ ក្រោយចាញ់ Forest
23-11-2025 11:25
(បរទេស)៖ ហង្សក្រហម Liverpool បានធ្លាក់ចូលក្នុងវិបត្តិដ៏ខ្លាំងក្លា បន្ទាប់ពីរងបរាជ័យដ៏អាម៉ាស ក្រោមថ្វីជើងរបស់ Nottingham Forest នៅកីឡដ្ឋាន Anfield របស់ខ្លួនកាលពីរាត្រីថ្ងៃសៅរ៍ក្នុងលីគអង់គ្លេស Premier League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ពួកគេបានរងបរាជ័យកើនដល់ទៅ ៦លើកហើយ ក្នុងចំណោម ៧ប្រកួតចុងក្រោយ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ ដែលធ្វើឱ្យកៅអីអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ Arne Slot បានកំពុងកើនកំដៅទៀតផង បន្ទាប់ពីប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីកាលពីឧសភា ឆ្នាំ២០២៤។
លោក Tom Werner ប្រធានក្លឹបក៏មានវត្តមាននៅកីឡដ្ឋាន Anfield នាយប់មិញនេះដែរ ដែលបានទស្សនាក្រុមរបស់លោករងបរាជ័យ ៣-០ ជាមួយនឹងទម្រង់លេងក្នុងផ្ទះរបស់ខ្លួនដ៏យ៉ាប់យឺននោះ។
ទន្ទឹមគ្នានោះ ក្រោយចប់ការប្រកួតលោក Slot ក៏បានថ្លែងឱ្យដឹងដែរថា «នោះគឺជាលទ្ធផលដែលលំបាកទទួលយកបំផុត។ ការលេងក្នុងផ្ទះចាញ់ដល់ទៅ ៣-០ វាជាលទ្ធផលដ៏អាក្រក់បំផុតមែនទែន»។
Liverpool ដែលបានចំណាយលុយអស់ប្រមាណ ៤៥០លានផោន ដើម្បីដោះដូរកីឡាករនារដូវក្តៅនេះ បានបរាជ័យ ២លើកទៅហើយ ក្នុងចំណោមប្រកួត ៣លើកក្នុងដីរបស់ខ្លួន ក្រោយឆ្លងកាត់ទើបតែបាន ១២ប្រកួតប៉ុណ្ណោះនារដូវកាលថ្មីនេះ។
នេះក៏ជាលើកដំបូងរបស់ Liverpool ផងដែរ ដែលបានរងបរាជ័យក្នុងផ្ទះរបស់ខ្លួនក្នុងលីគចាប់ពី ៣គ្រាប់ឡើងទៅ គិតចាប់តាំងពីខែមេសា ឆ្នាំ១៩៦៥ ដោយមានលោក Bill Shankly ដឹកនាំ៕




