អេស្ប៉ាញ សំឡឹងរកការឈ្នះពាន Davis Cup ជាលើកទី៧ ក្រោយផ្តួលអាល្លឺម៉ង់ ឡើងវគ្គផ្តាច់ព្រ័ត្រ
23-11-2025 11:35
(បរទេស)៖ ក្រុមកីឡាករវាយកូនបាល់អេស្ប៉ាញ នឹងត្រូវប្រឈមមុខនឹងម្ចាស់ការពារតំណែងជើងឯកអ៉ីតាលី ក្នុងការព្យាយាមឈ្នះពាន Davis Cup ជាលើកទី៧ របស់ពួកគេ បន្ទាប់ពីទម្លាក់អាល្លឺម៉ង់ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងផងដែរ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Pablo Carreno Busta បានជួយអេស្ប៉ាញទទួលបានជ័យជម្នះដោយស្រួលទៅលើគូប្រជែង Jan-Lennard Struff ពីការប្រកួតបើកឆាកវិញ្ញាសាវាយទោល ក៏ប៉ុន្តែកីឡាករឈរលេខ៣ ពិភពលោករបស់អាល្លឺម៉ង់ Alexander Zverev បានទទួលជ័យជម្នះទៅលើ Jaume Munar របស់អេស្ប៉ាញវិញ។
ទោះជាយ៉ាងណា កីឡាករ Marcel Granollers និង Pedro Martinez ប្រកួតវិញ្ញាសាវាយគូរបុរស ដែលបានយកឈ្នះសាធារណរដ្ឋឆេកពីក្នុងវគ្គ ៨ក្រុមកាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ បានបន្តឈ្នះទៅលើ Kevin Krawietz និង Tim Puetz ដោយលទ្ធផល ៦-២ ៣-៦ និង ៦-៣ ដើម្បីជួយអេស្ប៉ាញឆ្លងចូលវគ្គផ្តាច់ព្រ័ត្រ Davis Cup 2025 និងជាលើកដំបូងសម្រាប់ពួកគេដែរ គិតចាប់ពីឆ្នាំ២០១៩ បើទោះបីជាអវត្តមានកីឡាករលេខ១ ពិភពលោកបច្ចុប្បន្ន Carlos Alcaraz ដោយសាររបួសក៏ដោយ។
ពួកគេត្រូវប្រឈមមុខនឹងគូប្រជែងដ៏លំបាកមួយទៀត ពោលគឺម្ចាស់ផ្ទះអ៉ីតាលី ដែលជាម្ចាស់ជើងឯក ២សម័យកាលចុងក្រោយនេះ នៅឯទីលានដែលស្ថិតក្នុងទីក្រុង Bologna នាថ្ងៃអាទិត្យនេះតែម្តង៕



