គ្រូកីឡាការ៉ាតេ ៣០រូប បញ្ជប់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសថ្នាក់ជាតិ ដោយជោគជ័យ

23-11-2025 14:06

(ភ្នំពេញ)៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៣ ខែវិច្ឆិកានេះ ខណៈមន្ដ្រីជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏សំខាន់នេះ។

លោកសាស្ដ្រាចារ្យ ដែក ភារៈ គ្រូដឹកនាំកីឡាការ៉េតេអាស៊ី និងជាគ្រូឧទ្ទេសប្រចាំវគ្គនេះ បានឲ្យដឹងថា វគ្គនេះ មានសិក្ខាកាមចូលរួម ៣០នាក់ចូលរួម មកពីសាលាគុន សមាគម ក្លិបចំនួន ២៨ ។ ក្រៅពីផ្ដោតលើចំណេះដឹងបច្ចេកទេស ក៏មានការបញ្ជ្រាបចំណេះដឹងនឹងការប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡាដូប៉ាផងដែរ។

នេះគឺជាផ្នែកមួយ នៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ទមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ ។ ជាលទ្ធផល ក្រោយបញ្ចប់ការសិក្សារយៈពេល ៥ថ្ងៃនេះ ក្នុងចំណោមសិក្ខាកាមចូលរួម មានអ្នកទទួលបាននិទ្ទេសល្អ ១៦នាក់, និទ្ទេសល្អបង្គួរ ៩នាក់ និងនិទ្ទេសមធ្យម ៥នាក់ ។

ថ្លែងក្នុងពិធីបិទវគ្គនេះដែរ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងមហាជន បានលើកឡើងថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ ជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យរបស់គ្រូបង្វឹក ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់អស់ពីមត្ថភាពរបស់ខ្លួនក្នុងរយៈពេល ៥ថ្ងៃកន្លងមកក្នុងការរៀនសូត្រ។

លោកសង្ឃឹមថា ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងទទួលបានពីគ្រូឧទ្ទេស ទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព នៅតាមសមាគមក្លិប និងសាលាគុន តាមមូលដ្ឋានរៀងៗខ្លួន ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជាឲ្យកាន់តែរីកចម្រើន ក្នុងការកសាងធនធានកីឡាករ-កីឡាការិនីឆ្នើមៗត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា៕