ម៉ាឡេស៊ីគ្រោងបិទសិទ្ធិប្រើបណ្ដាញសង្គមចំពោះក្មេងអាយុក្រោម ១៦ ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ តទៅ
24-11-2025 11:10
(បរទេស)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសពីផែនការដ៏ម៉ឺងម៉ាត់មួយ គឺការហាមឃាត់មិនឱ្យអ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គមគ្រប់ប្រភេទ ចាប់ពីឆ្នាំ ២០២៦ តទៅ។ គោលបំណងចម្បងនៃវិធានការនេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពផ្លូវចិត្តរបស់យុវជនម៉ាឡេស៊ីពីគ្រោះថ្នាក់តាមអ៊ីនធឺណិតដែលកំពុងតែកើនឡើង។ គ្រោះថ្នាក់ទាំងនោះរួមមាន ការគំរាមកំហែងគ្នា (Cyberbullying), ការបោកប្រាស់លុយកាក់ (Financial Scams), និង ការបំពានផ្លូវភេទលើកុមារ ខណៈការសម្រេចចិត្តនេះបានធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលកំពុងរឹតបន្តឹងច្បាប់លើវេទិកាឌីជីថលទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក ហ្វាហមី ហ្វាដហ្ស៊ីល (Fahmi Fadzil) រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់នេះ ដោយលោកបានថ្លែងថា៖ «យើងសង្ឃឹមថា នៅឆ្នាំក្រោយនេះ វេទិកាបណ្ដាញសង្គមនានានឹងគោរពតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឲ្យបើកគណនីអ្នកប្រើប្រាស់»។ បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងសិក្សាពីរបៀបអនុវត្តច្បាប់នេះ ដោយពិនិត្យមើលបទពិសោធន៍របស់ប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ដែលនឹងបិទគណនីក្មេងក្រោម ១៦ ឆ្នាំ នៅខែក្រោយ និងបណ្តាប្រទេសអឺរ៉ុបដែលកំពុងសាកល្បងកម្មវិធីផ្ទៀងផ្ទាត់អាយុ។
គួរជម្រាបថា វិធានការហាមឃាត់នេះ គឺជាផ្នែកមួយនៃការបង្កើនការត្រួតពិនិត្យរបស់ម៉ាឡេស៊ីទៅលើក្រុមហ៊ុនបណ្ដាញសង្គម ក្រោយពីរកឃើញការកើនឡើងនូវខ្លឹមសារបង្កគ្រោះថ្នាក់ជាច្រើន ដូចជាការផ្សព្វផ្សាយ ល្បែងស៊ីសងអនឡាញ និងខ្លឹមសាររសើបទាក់ទងនឹង ពូជសាសន៍ សាសនា ឬ ព្រះមហាក្សត្រ (royalty) ។ កង្វល់នេះក៏ឆ្លុះបញ្ចាំងពីបញ្ហាសកលផងដែរ ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា TikTok, Google និង Meta Platforms (ម្ចាស់ Facebook, Instagram) សុទ្ធតែបានប្រឈមមុខនឹងបណ្តឹងនៅសហរដ្ឋអាមេរិក ជុំវិញតួនាទីរបស់ពួកគេក្នុងការបង្កវិបត្តិសុខភាពផ្លូវចិត្តដល់កុមារ៕









