«បើគេសួរអូន» ពីតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា កំពុងផ្ទុះខ្លាំងតាមបណ្តាញសង្គម TikTok
24-11-2025 12:22
(ភ្នំពេញ)៖ ឆ្លើយតបតាមសំណូមពរអ្នកគាំទ្រ ទីបំផុតបទចម្រៀងមនោសញ្ចេតនារៀបរាប់ ពីការខូចចិត្តរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា «បើគេសួរអូន» និងបទ «បើគេសួរបង» របស់កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា បានចេញភ្លាមផ្ទុះការចាប់អារម្មណ៍ខ្លាំង ពីមហាជនលើបណ្តាញសង្គម ពិសេស TikTok តែម្តង។
គ្រាន់តែបទចម្រៀង «បើគេសួរអូន» ចេញជា Full Audio របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង Full MV កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា ចេញភ្លាមមានអ្នកគាំទ្រជាច្រើនបានសរសើរ ថែមទាំងនិយាយថា បទចម្រៀងនេះ ពិរោះរណ្តំចិត្តនិងត្រូវសាច់រឿងរបស់ពួកគេណាស់។ អ្នកខ្លះទៀតបាននិយាយថា ពួកគេម្នាក់ៗស្តាប់បទចម្រៀងមួយបទនេះ មួយថ្ងៃមិនតិចជាង១០ដងឡើយ។
គួរបញ្ជាក់ថា បទចម្រៀងទាំងពីរ Version (ប្រុសស្រី) គឺជាស្នាដៃនិពន្ធមេឡូឌីនិងបទចម្រៀងដោយ BM និងនិពន្ធទំនុកច្រៀងដោយលោក សេង តារា។ បើយើងក្រឡេកមើលនៅលើ TikTok បទប្រុសមានចំនួនអ្នកលេងជាង 100k ឯណោះ ចំណែកបទស្រីមានអ្នកលេងជាង 60K ។
តាមប្រភពព័ត៌មានពីអ្នកផលិតនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា Full MV «បើគេសួរអូន» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងថតមានចំណុចពិសេសជាច្រើនដែលទាក់ចិត្តអ្នកគាំទ្រ ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនា Full MV ថ្មីទាំងអស់គ្នា៕



