ABA ចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-កាណាដា

24-11-2025 14:30

(ភ្នំពេញ)៖ ធនាគារជាតិកាណាដា ដែលជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំបំផុត ក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាធុរកិច្ចកាណាដា-កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ក្នុងទីក្រុងម៉ុងរ៉េអាល់។

កម្មវិធីនេះ ទទួលបានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលប្រទេសកម្ពុជា អ្នកតំណាងពីវិស័យឯកជនព្រមទាំង អ្នកវិនិយោគកាណាដាជាច្រើន ក្នុងគោលបំណងពិភាក្សាស្វែងរកមធ្យោបាយ ក៏ដូចជាឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

សិក្ខាសាលានេះ ត្រូវបានរៀបចំជាផ្នែកមួយនៃបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ របស់កម្ពុជា នៅសហរដ្ឋអាមេរិក ដែលបានដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គណៈប្រតិភូ រួមមានមន្រ្តីជាន់ខ្ពស់ពីបណ្តាក្រសួងពាក់ព័ន្ធ ព្រមទាំងអ្នកតំណាងសហគ្រាសធំៗក្នុងប្រទេសកម្ពុជា– ជាពិសេស ធនាគារ ABA។

ដោយត្រូវបានរៀបចំឡើង ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកាណាដាមកប្រទេសកម្ពុជា កម្មវិធីនេះក៏ទទួលបានការចូលរួមពីបណ្ដាក្រុមហ៊ុនធំៗនៃប្រទេសកាណាដា រួមមានសមាជិកនៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដា ឆ្នាំ ២០២៥ ដែលបានធ្វើទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ កាលពីខែឧសភា ២០២៥កន្លងទៅនេះ។

ជាផ្នែកមួយនៃបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគ ឯកឧត្តមស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា ក្នុងកម្មវិធីទទួលទានអាហារធុរកិច្ចថ្ងៃត្រង់ នៅទីស្នាក់ការកណ្តាលរបស់ធនាគារផ្ទាល់។ ជំនួបនេះ បានផ្តល់ជាវេទិកាសម្រាប់ការជជែកពិភាក្សាក្រៅផ្លូវការ ជុំវិញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាព។

ភាគីទាំងសងខាង ក៏បានបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍រួម ក្នុងការពង្រីកភាពជាដៃគូយូរអង្វែង ដែលផ្សារភ្ចាប់ធុរកិច្ចប្រទេសកាណាដាជាមួយនឹងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។
នៅក្នុងកិច្ចពិភាក្សានោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពី វឌ្ឍភាពបន្តនៃកំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា និងការជំរុញរបស់រដ្ឋាភិបាល ឆ្ពោះទៅកាន់សេដ្ឋកិច្ចបរិស្ថានានុគ្រោះ និងពោរពេញដោយនវានុវត្តន៍។ អាទិភាពទាំងនេះ ដើរស្របជាមួយការប្តេជ្ញាចិត្តយុទ្ធសាស្ត្ររបស់ធនាគារជាតិកាណាដា ទៅលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈក្រុមហ៊ុនបុត្រសម្ពន្ធរបស់ខ្លួន គឺ ធនាគារ ABA ដែលជាធនាគារស្ថិតក្នុងចំណោមធនាគារ ដែលរីកចម្រើនលឿនបំផុតក្នុងប្រទេសកម្ពុជា។

សម្រាប់ធនាគារជាតិកាណាដា ជំនួបនេះបានបញ្ជាក់កាន់តែច្បាស់បន្ថែមទៀត នូវភាពជឿជាក់របស់ខ្លួនមកលើទិដ្ឋភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តទៅលើភាពជាដៃគូយូរអង្វែងតាមរយៈ ABA។

ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកាណាដា និងប្រទេសកម្ពុជាកើនឡើងលើស១ ប៊ីលានដុល្លារអាមេរិក សម្រាប់បីត្រីមាសដំបូង គិតត្រឹមត្រីមាសទី៣ ក្នុងឆ្នាំ២០២៥ ដែលស្ដែងឲ្យឃើញកាន់តែច្បាស់ ពីសន្ទុះនៃកិច្ចសហការស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ជំនួបនេះក៏ជាព្រឹត្តិការណ៍ ២ឆ្នាំជាប់ៗគ្នា ដែលគណៈប្រតិភូវិនិយោគកម្ពុជា បានធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយធនាគារជាតិកាណាដា – ជាសក្ខីភាពដ៏ស៊ីជម្រៅនៃភាពជាដៃគូរវាងប្រទេសទាំងពីរ។ ក្នុងដំណើរនេះ ធនាគារ ABA បានដើរតួយ៉ាងសកម្មក្នុងការសម្របសម្រួល និងទំនាក់ទំនងរវាងភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ជាមួយគ្រឹះស្ថាននានាក្នុងប្រទេសកាណាដា។

ដំណើររបស់ ABA ស្របជាមួយចក្ខុវិស័យអភិវឌ្ឍយូអង្វែងរបស់ប្រទេសកម្ពុជា។ ខណៈពេលដែលប្រទេសជាតិបន្តពង្រឹងទិដ្ឋភាពវិនិយោគរបស់ខ្លួន និងពង្រីកដៃគូសហការលើសកលលោក ធនាគារABA បន្តប្តេជ្ញាចិត្តពង្រឹងវិស័យធនាគារ ប្រកបដោយភាពរឹងមាំខ្លាំងក្លាមានបរិយាបន្ន និងមាននវានុវត្ត ដែលបន្តជំរុញវឌ្ឍនភាពក្នុងប្រទេសកម្ពុជា និងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ៕