Apple ត្រៀមបញ្ចេញ iOS 27 ដែលមានល្បឿនលឿនកប់ពពក និងមុខងារ AI ថ្មីៗរាប់មិនអស់
24-11-2025 16:16
(បរទេស)៖ ក្រុមហ៊ុន Apple កំពុងត្រៀមធ្វើបដិវត្តន៍ដ៏ធំមួយសម្រាប់អ្នកប្រើប្រាស់ iPhone តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីគឺ iOS 27។ យោងតាមអ្នកវិភាគល្បីឈ្មោះ លោក Mark Gurman មកពីទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឱ្យដឹងថា លើកនេះ Apple នឹងលែងផ្តោតលើតែការរចនាទៀតហើយ តែបង្វែរមកផ្ដោតសំខាន់លើការ កែលម្អដំណើរការល្បឿន (Performance) និង មុខងារបញ្ញាសិប្បនិម្មិត (AI) វិញម្ដង។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក Gurman បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាព iOS 27 នឹងផ្តល់ជូននូវ «ការកែលម្អគុណភាព និងមុខងារបញ្ញាសិប្បនិម្មិត»។ Apple កំពុងដាក់អាទិភាពខ្ពស់បំផុតទៅលើការដោះស្រាយបញ្ហាកំហុសឆ្គងតូចធំ (bug fixes) ការបង្កើនល្បឿននៃប្រព័ន្ធស្នូល និងការធានាឱ្យប្រព័ន្ធដំណើរការប្រកបដោយស្ថិរភាពបំផុត ដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍រលូនគ្មានទាក់។
ក្រៅពីល្បឿនលឿន iOS 27 ក៏នឹងនាំមកនូវបច្ចេកវិទ្យា AI ប្លែកៗជាច្រើនដូចជា៖
* «ការពង្រីក AI» ចូលទៅក្នុងកម្មវិធីប្រើប្រាស់ទូទៅកាន់តែច្រើន។
* «ភ្នាក់ងារ AI ដែលផ្តោតលើសុខភាព» ដែលអាចជួយតាមដាន និងវិភាគទិន្នន័យសុខភាពកាន់តែស៊ីជម្រៅ។
* សមត្ថភាព «ស្វែងរកគេហទំព័រដែលគាំទ្រដោយ AI»។
* Apple ក៏ត្រូវបានគេរាយការណ៍ថា កំពុងបង្កើតកម្មវិធី Chatbot ដ៏ឆ្លាតវៃមួយឈ្មោះថា «Veritas» ដែលអាចនឹងត្រូវបានប្រើដើម្បីជួយកែលម្អប្រព័ន្ធជំនួយសំឡេង Siri ឱ្យកាន់តែវៃឆ្លាតជាងមុនផងដែរ។
គួរបញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នភាព និងការកែលម្អទាំងនេះនឹងមានវត្តមាននៅក្នុងប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រគឺ macOS 27 ផងដែរ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការ និងបញ្ចេញកំណែសាកល្បងដំបូង (beta versions) នៃ iOS 27 និង macOS 27 នៅ ខែមិថុនា ឆ្នាំក្រោយ៕












