ធនាគារកាណាឌីយ៉ា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA នៅកម្ពុជាដើម្បីលើកកម្ពស់ជីវភាពអ្នកបើកបរ និងជំរុញប្រតិបត្តិការធនាគារឥតសាច់ប្រាក់

25-11-2025 08:17

(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំបំផុតនៅកម្ពុជា បានចាប់ដៃជាមួយក្រុមហ៊ុន TADA នៅកម្ពុជា ដែលជាក្រុមហ៊ុនផ្ដល់កម្មវិធីហៅយានជំនិះតាមទូរស័ព្ទមិនគិតកម្រៃជើងសារតែមួយគត់ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងជំរុញការទូទាត់ទឹកប្រាក់តាមប្រព័ន្ធឌីជីថល ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) និងបង្កើនសុវត្ថិភាពសម្រាប់សហគមន៍អ្នកបើកបរនៅកម្ពុជា។

កិច្ចសហការនេះ ជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងប្រព័ន្ធអេកូក្នុងមធ្យោបាយធ្វើដំណើរនៅកម្ពុជា តាមរយៈការផ្ដល់នូវការប្រើប្រាស់យានជំនិះអគ្គិសនី(EV)ដល់បុគ្គលិកធនាគារកាណាឌីយ៉ា និងណែនាំការទូទាត់សាច់ប្រាក់យ៉ាងរលូនសម្រាប់អ្នកបើកបរTADA ដែលភាគច្រើនពឹងផ្អែកលើកម្មវិធីទូរស័ព្ទដឹកអ្នកដំណើរជាប្រភពចំណូលចម្បង។

ក្រោមកិច្ចសហប្រតិបត្តិការនេះ ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុន TADA នឹងលើកកម្ពស់ការប្រើប្រាស់យានជំនិះអគ្គិសនី ព្រមទាំងសិក្សាស្វែងយល់ពីប្រព័ន្ធទូទាត់ប្រាក់តាម QR សម្រាប់អ្នកបើកបរ ដែលធ្វើឲ្យ ការទទួលប្រាក់ពីអតិថិជនកាន់តែងាយស្រួលនិងមានសុវត្ថិភាព។ ការផ្តួចផ្តើមនេះ មិនត្រឹមតែបង្កើនប្រសិទ្ធភាព និងតម្លាភាពសម្រាប់អ្នកបើកបរប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកគាំទ្រដល់ការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសេដ្ឋកិច្ចឌីជីថល ព្រមទាំងចូលរួមលើកកម្ពស់ចក្ខុវិស័យក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល ។

លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារកាណាឌីយ៉ា បានថ្លែងក្នុងកម្មវិធីចុះ MoU ថា៖ «កិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់ការទូទាត់តាមឌីជីថលប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ព្រមទាំងផ្តល់នូវកិច្ចគាំពារដែលឆ្លើយតបនឹងតម្រូវការសហគមន៍ជាក់ស្តែង។ កិច្ចសហការនេះក៏ឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើងខ្ញុំ ក្នុងការរួមចំណែកដោះស្រាយវិស័យហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឲ្យកាន់តែងាយស្រួល»។

លោក ទី លឹមកុសល នាយកគ្រប់គ្រងនៃក្រុមហ៊ុន TADAនៅកម្ពុជា បានថ្លែងថា៖ «យើងខ្ញុំរួមចំណែកការប្តេជ្ញាចិត្តរបស់ធនាគារកាណាឌីយ៉ា ក្នុងការបង្កើតប្រព័ន្ធអេកូប្រកបដោយសុវត្ថិភាព និងឆ្លាតវៃជាងមុន សម្រាប់ទាំងមធ្យោបាយធ្វើដំណើរ និងការទូទាត់សាច់ប្រាក់នៅកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវកិត្តិសព្ទរបស់ធនាគារកាណាឌីយ៉ាក្នុងវិស័យធនាគារ និងការច្នៃប្រឌិតក្នុងការពង្រឹងប្រព័ន្ធធ្វើដំណើរប្រកបដោយនិរន្តរភាពរបស់TADA យើងប្រាកដជាអាចបង្កើតការផ្លាស់ប្តូរមួយយ៉ាងពិតប្រាកដនិងវិជ្ជមានសម្រាប់អតិថិជន អ្នកបើកបរ និងសហគមន៍»

ដើម្បីអបអរកិច្ចសហការនេះ TADAផ្តល់ជូននូវការបញ្ចុះតម្លៃចំនួនបីសម្រាប់សាធារណៈជនទូទៅ បុគ្គលិកធនាគារកាណាឌីយ៉ា និងអ្នកកាន់ប័ណ្ណឥណទានកាណាឌីយ៉ា។ ទន្ទឹមនេះ ភាពជាដៃគូនេះបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នាក្នុងការជំរុញវឌ្ឍនភាពប្រកបដោយនិរន្តរភាព និងការផ្តល់នូវគុណតម្លៃពិសេសដល់សហគមន៍។

សូមជម្រាបថា ធនាគារកាណាឌីយ៉ាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩១ និងបានធ្វើឯកជនភាវូបនីយកម្មពេញលេញនៅក្នុងឆ្នាំ ១៩៩៨ ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមក។ ធនាគារកាណាឌីយ៉ា មានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ។

ជាមួយនឹងសាខាចំនួន ៦៩ និងម៉ាស៊ីនឌីជីថលស្វ័យសេវាជាង ៤៣០នៅទូទាំងប្រទេស ធនាគារកាណាឌីយ៉ា នៅតែបន្តជំរុញនវានុវត្តន៌ និងផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលរលូននៅកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.canadiabank.com.kh ។

TADA គឺជាក្រុមហ៊ុនផ្ដល់កម្មវិធីហៅយានជំនិះតាមទូរស័ព្ទក្នុងប្រព័ន្ធBlockchainដំបូងបង្អស់នៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៦ កក្កដា ២០១៨ នៅប្រទេសសិង្ហបុរី ហើយបានកំពុងបន្តមានប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម កម្ពុជា ថៃ ហុងកុង និងសហរដ្ឋអាមេរិកផងដែរ។

នៅកម្ពុជា ក្រុមហ៊ុន TADA បន្តពង្រីកវត្តមានរបស់ខ្លួននៅទីក្រុងធំៗរួមមានរាជធានីភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ កំពត កែប បាត់ដំបងបន្ទាយមានជ័យ និងប៉ោយប៉ែត៕