ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន៖ កម្ពុជាចូលរួមស៊ីហ្គេម ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីកីឡាជាអន្តរជាតិ
25-11-2025 08:37
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ គឺដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ។
ការគូសបញ្ជាក់នេះ បន្ទាប់ពីលោក បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ មុនចេញទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយមានប្រតិភូ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៣៣៣នាក់។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ជូនចំពោះគ្រូបង្វឹក ភាគីពាក់ព័ន្ធ និងកីឡាករ-កីឡាការិនីទាំងអស់។ ការចូលរួមស៊ីហ្គេមលើកនេះ ក្រសួងបានយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំការប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺន ចាប់ពីខែមេសា ឆ្នាំ២០២៥ ទាំងកីឡាករថ្នាលវ័យក្មេង សម្រាប់ការកួតកីឡាយុវជនអាស៊ី និងកីឡាករពេញវ័យ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេម។
បើទោះបីស្ថានការណ៍ព្រំដែននៅមានភាពតានតឹងខ្លះៗ ប៉ុន្តែសុភនិច្ឆ័យដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៅតែអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួត ដើម្បីបញ្ជាក់នូវគោលបំណង និងឆន្ទៈរបស់កម្ពុជា គឺចង់បានសេចក្តីសុខសន្តិភាព មិត្តភាពពិតប្រាកដ តាមរយៈស្មារតីនៃព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិនេះ ហើយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា៖
១. ការចូលរួមប្រកួតស៊ីហ្គេម លើកនេះ គឺកម្ពុជាចូលរួមប្រកួត ក្នុងនាមជាសមាជិក និងគ្រួសារសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍(SEAGF) ចលនាអូឡាំពិកតំបន់។ ចលនាអូឡាំពិក ប្រទេសជាសមាជិកត្រូវមានកាតព្វកិច្ចចូលរួមប្រកួតពហុកីឡាតាមការកំណត់។
២. គោលការណ៍គ្រឹះអូឡាំពិកអន្តរជាតិ គឺប្រឆាំងនឹងការរើសអើងគ្រប់ទម្រង់ក្នុងវិស័យកីឡា និងចៀសវាងពីសម្ពាធនយោបាយ សាសនា ជាតិសាសន៍ និង និន្នាការ សង្គម។ ប្រកាន់យកស្មារតីសាមគ្គីភាព មិត្តភាព និងយោគយល់គ្នា ដើម្បីកសាងពិភពលោកមួយល្អប្រសើរ។
៣. ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាបុព្វសិទ្ធិរបស់ SEAGF ទាំង១១ ប្រទេសគ្រប់គ្រងដឹកនាំ។ រីឯម្ចាស់ផ្ទះជាអ្នករៀបចំតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា SEAGF Council ទាំង ១១ ប្រទេស។
៤. ជ័យលាភីមេដាយដែលប្រទេសទាំងអស់ប្រកួតប្រជែងដណ្តើមគ្នា គឺជាមេដាយ SEAGF មិនមែនមេដាយរបស់ម្ចាស់ផ្ទះទេ។
៥. បើយើងមិនចូលរួម កម្ពុជានឹងត្រូវគេបន្ទោសថាមិនគោរពធម្មនុញ្ញអូឡាំពិក និងធម្មនុញ្ញ SEAGF។
៦. បើយើងចូលរួមដោយយកហេតុផលផ្សេងៗ ខុសពីគោលការណ៍ច្បាប់កីឡាជាសកលខាងលើកម្ពុជាក៏ត្រូវអន្តរជាតិថ្កោលទោស ឬដាក់ពិន័យ។
រដ្ឋមន្ដ្រីក្រសួងអប់រំដដែល បានសង្កត់ធ្ងន់ទៀតថា ចំពោះវិធានការវិន័យ សម្រាប់ប្រតិភូកីឡា ដែលនឹងត្រូវធ្វើដំណើរចូលរួមការប្រកួតខាងមុខនេះ រួមមាន៖
១. ចាត់ទុកការចូលរួមប្រកួតលើកនេះ ខុសពីការប្រកួតមុនៗ ក្រៅពីការប្រកួតកីឡា គឺត្រូវការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពក្រុម និងសុវត្ថិភាពប្រតិភូកីឡាកម្ពុជា ជាពិសេសផ្តោតលើភាពថ្លៃថ្លូរនៃឥរិយាបថល្អ វាចាល្អ និងប្រព្រឹត្តល្អ អំឡុងពេលប្រកួត ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងរក្សាគុណតម្លៃជាតិសាសន៍ខ្មែរលើឆាកអន្តរជាតិ។
២. បើមានស្មារតីជាតិស្រលាញ់ជាតិ និងចង់ឱ្យជាតិសាសន៍យើងមានគេគោរពឱ្យតម្លៃ គឺត្រូវខិតខំប្រកួតប្រជែងដណ្តើមជ័យលាភីឱ្យអស់ពីសមត្ថភាព គោរពបទបញ្ជាការប្រកួត ប្រឆាំងការប្រើប្រាស់សារធាតុ Doping និងបង្ហាញអត្តចរិកល្អត្រឹមត្រូវតាមអភិក្រម “ឈ្នះដោយកិត្តិយស ចាញ់ដោយសេចក្តីថ្លៃថ្នូរ”
៣. ត្រូវមានស្មារតីបុរេសកម្មក្នុងការគិតគូរទុកជាមុននូវហានិភ័យដែលនឹងអាចកើតឡើង។ តើអ្វីខ្លះអាចនឹងត្រូវកើតឡើង? តើត្រូវរកដំណោះស្រាយបែបណា? តើត្រូវឆ្លងយោបល់កម្រិតណា ដោយមធ្យោបាយណា?
៤. សាមគ្គីភាពផ្ទៃក្នុងរបស់ក្រុមកីឡា និងប្រតិភូកីឡាទាំងមូល គឺជាកត្តាចម្បងក្នុងការដោះស្រាយបញ្ហាបញ្ចៀសបញ្ហា និងស្វែងរកជោគជ័យជូនជាតិបាន
៥. បញ្ហាសុខភាព ក៏ជាកត្តាកំណត់ជោគជ័យក្នុងការចូលរួមប្រកួតពេលនេះដែរ។ ថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ ដើម្បីឈានទៅរកជំនឿចិត្តលើខ្លួន ឯងក្នុងការសម្រេចគោលដៅរបស់ខ្លួន។
ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បន្ថែមទៀតថា «ការសម្រេចចិត្តចូលរួមក្នុងការប្រកួតស៊ីហ្គេមនេះ គឺមិនមែនងាយស្រួលទេ ដែលទាមទារការថ្លឹងថ្លែង រវាងបញ្ហាជម្លោះព្រំដែន និងស្មារតីនៃការរួបរួមក្នុងតំបន់ ព្រោះយើងមិនអាចអនុញ្ញាតឱ្យការពហិកា ប៉ះពាល់ដល់ទំនាក់ទំនង និងឱកាសរបស់យុវជនក្នុងអាស៊ានឡើយ ហើយយើងត្រូវបង្ហាញនូវ ចិត្តជាអ្នកកីឡា ពិតប្រាកដ»។
«ទោះបីជាយ៉ាងណាក៏ដោយ ការធានាសុវត្ថិភាព គឺអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ដោយយើងបានចាត់ចែងតែងតាំងតួនាទីសន្តិសុខ ព្រមទាំងតម្រូវឱ្យមានការចុះអវត្តមាន និងរបាយការណ៍ប្រចាំថ្ងៃជាចាំបាច់ ដើម្បីធានាថាប្រតិភូទាំងអស់ទទួលបានការការពារ និងសុវត្ថិភាពពេញលេញ។ ដូច្នេះ សូមគ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ រួមគ្នាប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិយើងវិញ»៕











