Amazon គ្រោងចាយលុយ ១៥ពាន់លានដុល្លារនៅរដ្ឋ Indiana ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ
25-11-2025 09:23
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon រាយការណ៍ពីគម្រោងវិនិយោគប្រាក់ប្រហែល ១៥ពាន់លានដុល្លារនៅភាគខាងជើងរដ្ឋ Indiana ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ខណៈដែលខ្លួនកំពុងសម្លឹងមើលការជំរុញសមត្ថភាពសេវាកម្ម cloud computing ដើម្បីគាំទ្រដល់តម្រូវការបញ្ញាសិប្បនិម្មិត AI ដែលកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្រុមហ៊ុន Amazon បានប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា គម្រោងមជ្ឈមណ្ឌលទិន្នន័យថ្មីដែលបន្ថែមពីលើការចំណាយ ១១ពាន់លានដុល្លារ ដែលបានប្រកាសកាលពីឆ្នាំមុន នឹងបន្ថែមសមត្ថភាព ២,៤ ជីហ្គាវ៉ាត់នៅក្នុងតំបន់ ហើយក៏ត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ១,១០០កន្លែងផងដែរ។ កន្លងទៅគេបានដឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំនេះ ដែលជាអ្នកផ្តល់សេវាកម្ម Cloud ធំជាងគេបំផុតនៅលើពិភពលោក បានវិនិយោគជាង ៣១,៣ ពាន់លានដុល្លារនៅរដ្ឋ Indiana ចាប់តាំងពីឆ្នាំ ២០១០។ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Alphabet , Microsoft, និង Meta ក៏កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI ទោះបីជាផលចំណេញពីការវិនិយោគមានកម្រិតទាបក៏ដោយ។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រុមហ៊ុន Amazon ក៏បានប្រកាសពីផែនការវិនិយោគរហូតដល់ ៥០ពាន់លានដុល្លារ ដើម្បីពង្រីកសមត្ថភាពបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រទំនើបសម្រាប់អតិថិជនរដ្ឋាភិបាលសហរដ្ឋអាមេរិកនៃអង្គភាព Cloud របស់ខ្លួន គឺ Amazon Web Services។
គួរជម្រាថា សម្រាប់គម្រោង Indiana ក្រុមហ៊ុន Amazon បានចុះកិច្ចព្រមព្រៀងជាមួយ NIPSCO ដែលជាក្រុមហ៊ុនឧស្ម័នធម្មជាតិ និងអគ្គិសនីកំពូលមួយរបស់រដ្ឋ Indiana សម្រាប់គម្រោងនេះ។ ក្រុមហ៊ុនបានយល់ព្រមបង់ថ្លៃសេវាដើម្បីប្រើប្រាស់ថាមពលដែលមានស្រាប់ និងរ៉ាប់រងការចំណាយសម្រាប់តម្រូវការថាមពលថ្មីណាមួយសម្រាប់គម្រោងមជ្ឈមណ្ឌលទិន្នន័យ ដោយគ្មានការចំណាយបន្ថែមសម្រាប់ប្រជាជន និងអាជីវកម្មក្នុងស្រុក៕








