Everton គ្នា ១០នាក់បំបាក់ក្រុម Man United ១-០ ធ្វើឱ្យ Amorim ជាអ្នកចាត់មានស្ថិតិមិនល្អ ១២ឆ្នាំនៅ Old Trafford

25-11-2025 09:43

(ឡុងដ៏)៖ ក្រុមស្ករគ្រាប់ Everton បានយកឈ្នះក្រុម Manchester United ១-០ ពីការលេងគ្នាតែ ១០នាក់នៅទីលាន Old Trafford នៃសប្តាហ៍ទី១២ ហើយនេះជាជ័យជម្នះលើកដំបូងរបស់ពួកលើក្រុមបិសាចក្រហមក្រោយរយៈពេល ១២ឆ្នាំ បន្ទាប់ពីខ្សែបម្រើ Idrissa Gueye ត្រូវបានបណ្តេញចេញពីការប្រកួតដោយជំលួសក្នុងក្រុម ។

ការប្រកួតលីគអង់គ្លេស Premier League ខ្សែបម្រើ Idrissa Gueye ត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទី១៣ ក្រោយបង្កើតទង្វើទះមុខមិត្តរួមក្រុម Michael Keane ក្នុងតង់ទី១ តែក្រុមភ្ញៀវ Everton មានគ្រាប់បាល់ដ៏អស្ចារ្យនៅរបស់ Kiernan Dewsbury-Hall នៅនាទី២៩ ។

តាមរយៈជ័យជម្នះបានធ្វើឱ្យក្រុមដឹកនាំដោយលោក David Moyes មាន ១៨ពិន្ទុឈរលេខ១១ ស្មើគ្នាជាមួយក្រុមចាញ់ Manchester United ឈរលេខ១០ បណ្តោះអាសន្ន ខណៈក្រុមស្ករគ្រាប់ Everton មិនបានឈ្នះក្នុងការប្រកួតលីគ Premier League ចំនួន ១៧លើកកន្លងមកហើយនៅ Old Trafford ។

ហើយក៏បង្កើតជាស្ថិតិមិនល្អសម្រាប់លោក Roben Amorim ក្នុងដឹកនាំក្រុម Man United ជាមួយសមាជិកក្រុម ១១នាក់ពេញលើទីលាន ដ្បិតជាជ័យជម្នះចុងក្រោយរបស់ក្រុម Everton លើក្រុម Manchester United គិតចាប់តាំងពីឆ្នាំ២០១៣ នៅអំឡុងពេលដែលលោក David Moyes ដឹកនាំក្រុមបិសាចក្រហមនេះផងដែរ ៕