Google និង Accel ចាប់ដៃគ្នាបោះទុនរាប់លានដុល្លារ ជួយក្រុមហ៊ុន AI ឥណ្ឌាជំនាន់ថ្មី!
25-11-2025 10:10
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Google បានចាប់ដៃគូជាមួយក្រុមហ៊ុនមូលធនបណ្តាក់ទុន Accel ដើម្បីផ្តល់មូលនិធិគាំទ្រដល់ក្រុមហ៊ុន Startup បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលទើបបង្កើតថ្មីនៅក្នុងប្រទេសឥណ្ឌាយ៉ាងហោចណាស់ ១០ ក្រុមហ៊ុន។ នេះជាលើកទីមួយហើយដែល Google បានបង្កើតភាពជាដៃគូផ្តល់មូលនិធិប្រភេទនេះ។ ក្រុមហ៊ុនទាំងពីរនឹងសហការបណ្ដាក់ទុនរហូតដល់ ២ លានដុល្លារ សម្រាប់ក្រុមហ៊ុន Startup នីមួយៗ ដោយផ្តោតលើវិស័យសំខាន់ៗដូចជា ការកម្សាន្ត ភាពច្នៃប្រឌិត ការងារ និងការសរសេរកូដ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការបោះជំហានដ៏សំខាន់នេះកើតឡើងចំពេលដែលឥណ្ឌាត្រូវបានគេមើលឃើញថាជាទីផ្សារកំណើនដ៏សំខាន់សម្រាប់បច្ចេកវិទ្យា AI ដោយសារតែមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិតមួយពាន់លាននាក់។ ភាពជាដៃគូផ្តល់មូលនិធិនេះក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ Google ដែលបានប្តេជ្ញាចិត្តវិនិយោគ ១៥ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ AI នៅឥណ្ឌាផងដែរ។
ថ្លែងពីសារៈសំខាន់នៃការវិនិយោគនេះ លោក Jonathan Silber សហស្ថាបនិក និងជានាយកនៃមូលនិធិ AI Futures Fund របស់ Google បានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់យ៉ាងមុតមាំថា ស្ថាបនិកនៅក្នុងប្រទេសឥណ្ឌានឹងដើរតួនាទីឈានមុខគេក្នុងការកំណត់និយមន័យនៃយុគសម័យបច្ចេកវិទ្យាសកលបន្ទាប់»។ លោកបន្ថែមទៀតថា ការវិនិយោគនៅដំណាក់កាលដំបូង ក្នុងទីផ្សារសំខាន់ៗដូចជាឥណ្ឌា គឺជារឿង «សំខាន់បំផុត» ដើម្បីអាចឈរជួរមុខក្នុងការវិនិយោគលើមេដឹកនាំ AI ជំនាន់ក្រោយ។
គួរជម្រាបថា ទីផ្សារ AI របស់ឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ១៧ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ ២០២៧៕









