ក្រសួងអប់រំ សហការជាមួយណាហ្គាវើលដ៍ ដាក់ដំណើរការកម្មវិធីសាលារៀន និងបរិស្ថានបៃតង លើកទីពីរ

25-11-2025 10:38

(ភ្នំពេញ)៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ដំណើរការ «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង» លើកទីពីរ ដែលជាការប្រកួតប្រជែងរយៈពេល៨ខែ ដែលផ្តោតទៅលើការគ្រប់គ្រង និងការកែច្នៃសំណល់ឡើងវិញ។

កម្មវិធីនេះ ដឹកនាំដោយណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងក្នុងការធ្វើឱ្យប្រទេសកម្ពុជា កាន់តែស្រស់បំព្រងដោយលើកទឹកចិត្តសិស្សានុសិស្ស ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសាលារៀន របស់ពួកគេឱ្យស្អាត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាគណៈអធិបតី ក្នុងសិក្ខាសាលាលើកដំបូង ដែលបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងខេត្តកំពង់ចាម។

ពិធីនេះ មានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជិត ១០០០ នាក់មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ១២ ដែលចូលរួមការប្រកួតប្រជែង ដែលជាថ្ងៃចាប់ផ្តើមផ្លូវការ នៃការប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតងសម្រាប់ឆ្នាំថ្មី២០២៦ ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលដ៍ និងណាហ្គាវើលដ៍បេះដូងសប្បុរស សម្រាប់ការប្តេជ្ញាចិត្ត បន្តបន្ទាប់ជួយលើកកម្ពស់វិស័យអប់រំ សុខភាព និងសុខុមាលភាពរបស់សហគមន៍»។

លោកបន្ដថា ការឧបត្ថម្ភគាំទ្ររបស់ពួកគេរាប់ចាប់ពីការឧបត្ថម្ភសម្ភារសិក្សា ការលើកកម្ពស់ការអាន និងអក្ខរកម្មឌីជីថល ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការផ្តល់អាហារូបករណ៍ជាដើម បានបង្កើតឥទ្ធិពលយ៉ាងវិជ្ជមានក្នុងសង្គម។

បន្ថែមពីនោះទៀត បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា «ខ្ញុំជឿជាក់ថា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងនេះ នឹងជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សបន្ថែមទៀត ដែលនឹងជួយបង្កើនចំណេះដឹង ជំនាញ ក្រមសីលធម៌ និងការទទួលខុសត្រូវ ក្នុងចំណោមសិស្សានុសិស្សរបស់យើង»

បន្ទាប់ពីការរៀបចំ ប្រកបដោយជោគជ័យកាលពីឆ្នាំមុន កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតងលើកទីពីរនេះ នឹងពង្រីកពី ៦៧ ទៅ ៧៩ សាលារៀន ដោយមានបន្ថែម សាលារៀនថ្មីៗក្នុងខេត្តកំពង់ចាម។

វិសាលភាពកាន់តែធំនេះ មានគោលបំណងផ្តល់ដល់សាលារៀន និងសិស្សានុសិស្សច្រើនជាងមុន ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង ជាក់ស្តែងក្នុងការអនុវត្តប្រកបដោយនិរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ផងដែរថា «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង មានអត្ថន័យលើស ពីការប្រកួតប្រជែង។ ការអប់រំ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតមួយដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរ»។

លោកបានលើកឡើងថា «តាមរយៈការលើកទឹកចិត្តយុវជនរបស់យើង ឱ្យធ្វើសកម្មភាពក្នុងពេលបច្ចុប្បន្ន មានន័យថា យើងបានចាក់គ្រឹះ ដើម្បីបង្កើតអនាគតកាន់តែភ្លឺស្វាង និងមាននិរន្តរភាពសម្រាប់គ្រប់គ្នា»

គួរកត់ចំណាំថា នៅក្នុងខែវិច្ឆិកា និងខែធ្នូក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងរៀបចំសិក្ខាសាលានៅតាមសាលារៀន ដែលបានចូលរួមការប្រកួតប្រជែង ដើម្បីបំពាក់ ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនូវចំណេះដឹងស្តីពីការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ និងណែនាំពួកគេអំពីដំណើរការនៃការវាយតម្លៃ និងដាក់ពិន្ទុប្រចាំខែ។

ចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស នឹងទៅត្រួតពិនិត្យសាលារៀនទាំង ៧៩ រៀងរាល់ខែដើម្បីវាយតម្លៃអំពីវឌ្ឍនភាពរបស់ពួកគេ និងផ្តល់មតិត្រឡប់ដើម្បីឱ្យសាលារៀនទាំងនោះកាន់តែស្អាត និងបៃតង។ ដៃគូសហការនៃកម្មវិធីនេះ គឺក្រុមហ៊ុន ហ្គោមិ រីសាយខល នឹងគ្រប់គ្រងការប្រមូលសំណល់ និងកែច្នៃសំណល់ប្លាស្ទិកធ្វើជារបស់ប្រើប្រាស់ឡើងវិញ។

គួរបញ្ជាក់ថា កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង បានកើតឡើងពីគំនិតដ៏សាមញ្ញមួយ គឺនៅពេលក្មេងៗត្រូវបានលើកស្ទួយ នោះសហគមន៍នឹងមានការផ្លាស់ប្តូរ។ នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តបន្តបន្ទាប់របស់ណាហ្គាវើលដ៍ក្នុងការការពារបរិស្ថាន និងគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល៕