Apple ប្រកាសកាត់បន្ថយបុគ្គលិកផ្នែកលក់មួយផ្នែកតូច តែបើកឱកាសឱ្យដាក់ពាក្យចូលតួនាទីថ្មី
25-11-2025 14:08
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple បានប្រកាសពីការកាត់បន្ថយតួនាទីបុគ្គលិកមួយចំនួនតូចនៅទូទាំងក្រុមផ្នែកលក់របស់ខ្លួន។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ «ពង្រឹងការងារទាក់ទង និងផ្តល់សេវាជូនអតិថិជន» ឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បុគ្គលិកដែលរងផលប៉ះពាល់ដោយការកាត់បន្ថយនេះ ភាគច្រើនជាអ្នកគ្រប់គ្រងគណនីធំៗ ដែលធ្វើការជាមួយអាជីវកម្មធំៗ សាលារៀន និងទីភ្នាក់ងាររដ្ឋាភិបាល។ ទោះបីជាមានការកាត់បន្ថយនេះក្តី ក្រុមហ៊ុននៅតែបន្តជ្រើសរើសបុគ្គលិក ហើយនឹងផ្តល់ឱកាសដល់បុគ្គលិកដែលត្រូវបញ្ឈប់ឱ្យដាក់ពាក្យចូលតួនាទីថ្មីក្នុងក្រុមហ៊ុនវិញ។
ក្រុមមួយក្នុងចំណោមក្រុមដែលរងផលប៉ះពាល់ គឺក្រុមផ្នែកលក់រដ្ឋាភិបាល ដែលធ្លាប់ធ្វើការជាមួយទីភ្នាក់ងារសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាក្រសួងការពារជាតិ និងក្រសួងយុត្តិធម៌។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg News បានឱ្យដឹងថា ក្រុមនេះបានប្រឈមនឹងបញ្ហាលំបាកមួយចំនួនរួចមកហើយ មុនពេលមានការកាត់បន្ថយនេះ។
គួរជម្រាបផងដែរថា ដំណឹងនៃការកាត់បន្ថយបុគ្គលិករបស់ Apple នេះ កើតឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ធំៗជាច្រើនទៀត ដូចជា Verizon, Synopsys និង IBM ក៏បានប្រកាសពីផែនការកាត់បន្ថយបុគ្គលិករបស់ខ្លួនផងដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕










