ពានរង្វាន់វាយកូនបាល់ ទេព ឃុនណា លើកទី៣០ ជោគជ័យទាំងការរៀបចំ និងលទ្ធផល

25-11-2025 14:34

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា លើកទី៣០ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ជាមួយការសាទរពីបណ្ដាប្រតិភូគ្រប់បណ្ដាប្រទេស ក្រោយដំណើរការប្រកួតរយៈពេល ២សប្ដាហ៍ កាលពីចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈលទ្ធផលក៏ល្អប្រសើរសម្រាប់ម្ចាស់ផ្ទះកម្ពុជាផងដែរ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះ បែងចែកជា ២សប្ដាហ៍ ហើយដំណើរការប្រកួតនីមួយៗ ទទួលបានជោគជ័យកម្រិតអន្ដរជាតិដូចគ្នា ពិសេសប្រតិភូ និងកីឡាករ-កីឡាការិនីទាំង ២១ប្រទេស ដែលចូលរួមព្រឹត្តិការណ៍នេះ សុទ្ធតែបានស្ងើចសរសើរពីការរៀបចំ និងទទួលបដិសណ្ឋារកិច្ចរបស់កម្ពុជា។

លោកថា «អ្វីដែលយើងរីករាយ គឺព្រឹត្តិការណ៍នេះមានកីឡាករឥកីឡាការិនីចូលរួមប្រកួតប្រជែងជាង ៥០នាក់មកពី២១ប្រទេស ក្នុងរយៈពេល ២សប្តាហ៍។ តែអ្វីដែលខ្ញុំសប្បាយចិត្តថែមទៀត គឺកីឡាករកម្ពុជា ១រូបក្នុងចំណោម ៣រូប បានជាប់នៅក្នុងតារាងចំណាត់របស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងអាស៊ី ដែលអាចចាត់ទុកបានថា កីឡាករវ័យក្មេងកម្ពុជាកំពុងបោះជំហានវិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពខ្លាំងបណ្តើរៗហើយ»។

តាមយរៈភាពជោគជ័យទាំងអស់នេះ ក្នុងនាមអ្នកផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ខាងលើ លោកបានបង្ហាញនូវមោទនភាព ដែលការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា ជាការរម្លឹកដឹងគុណចំពោះឪពុករបស់លោក គឺលោក ទេព ឃុនណា អតីកីឡាករលំដាប់ទី១របស់កម្ពុជា កាលពីអតីកាល ហើយលោកបានវិវឌ្ឍព្រឹត្តិការណ៍មួយនេះពីការប្រកួតថ្នាក់ជាតិកន្លងមក ឱ្យក្លាយទៅក្លាយទៅជាការប្រកួតកម្រិតអន្តរជាតិមានប្រទេសជាច្រើនមកចូលរួមច្រើនជាបន្តបន្ទាប់។

លោកបានចាត់ទុកព្រឹត្តិការណ៍អន្ដរជាតិនេះ គឺជាវេទិកាមួយ សម្រាប់ផ្តល់ឱកាសជូនដល់កីឡាករឥកីឡាការិនីជាតិ-អន្តរជាតិ ជាពិសេសកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជា។ តាមរយៈការខិតខំរៀបចំការប្រកួតកម្រិតអន្តរជាតិ ជាបន្តបន្ទាប់បែបនេះ។ លោកជឿជាក់ថា កីឡាករ-កីឡាការិនីកម្ពុជា នឹងបង្កើនបានគុណភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត និងអាចឈានដល់កម្រិតខ្ពស់ៗជាមួយនឹងលទ្ធផលល្អៗជូនជាតិ នាថ្ងៃអនាគត។

ក្រឡេកទៅចាប់អារម្មណ៍លទ្ធផលការប្រកួតវិញ សម្រាប់ជើងឯកវិញ្ញាសាបុរសឯកក្តជន បានទៅលើកីឡាករកូរ៉េ Shin Jaejun ក្រោយយកឈ្នះកីឡាករប្រទេសចិន Ruochen Gao ខណៈជើងឯកផ្នែកនារីឯកត្តជន បានទៅកីឡាការិនីម៉ាឡេស៊ី Daania Hazli ក្រោយយកឈ្នះកីឡាការិនីចិន Zijie Yang ។ រីឯជើងឯកលើវិញ្ញាសាវាយគូនារីបានទៅលើកីឡាការិនីម៉ាឡេស៊ី Daania Hazli និងកីឡាការិនីសិង្ហបុរី Kai Ning Chanya Ng ក្រោយឈ្នះកីឡាការិនីចិន Zican Yang ចាប់ដៃគូជាមួយកីឡាការិនីកូរ៉េខាងត្បូង Ha-An Park ខណៈជើងឯកផ្នែកវាយកូនបុរស បានទៅលើកីឡាករកូរ៉េ Shin Jaejun និងកីឡាករ Bon Hong Koo បន្ទាប់ពីបានយកឈ្នះកីឡាករចិន Joakim Gunawan ចាប់គូជាមួយកីឡាករឥណ្ឌូនេស៊ី Ruochen Gao នៅវគ្គផ្តាច់ព្រ័ត្រ៕