UCL! Chelsea រុញក្រុម Barca ធ្លាក់ដល់លេខ១៥ ពីការយកឈ្នះ ៣-០ ប្រកួតទី៥

26-11-2025 10:01

(ឡុងដ៏)៖ ក្រុមតោខៀវ Chelsea បានរុញក្រុមអេស្ប៉ាញ FC Barcelona ធ្លាក់ទៅឈរលេខរៀងទី១៥ ក្នុងតារាងវគ្គជម្រុះ League phase ពីការប្រកួតយកឈ្នះ ៣-០ នៃជំនួបទី៥ ប្រចាំការប្រកួតរដូវកាលនេះ UEFA Champions League 2025-26 ។

តាមរយៈជ័យជម្នះនេះក៏ដូចជាការសងសឹកបានមកវិញរបស់ក្រុម Chelsea ទៅលើក្រុម Barca ដោយធ្លាប់ចាញ់ក្នុងលទ្ធផលនេះកាលឆ្នាំ២០១៨ ក្នុងពានរង្វាន់លីគតំបន់អឺរ៉ុបនេះផងដែរ ។

ចេញពីការប្រកួតដ៏ស្វិតស្វាញនេះជ័យជម្នះ ៣-០ របស់ក្រុម Chelsea បានរុញពួកគេឆ្ពោះទៅរកការទទួលបានកៅអីជម្រុះដោយស្វ័យប្រវត្តិ និងទុកឱ្យក្រុមអេស្ប៉ាញ Barcelona នៅតស៊ូដើម្បីគេចផុតពីការប្រកួតវគ្គ Playoff។

ស្ថិតក្នុងការប្រកួតនេះដែរ ឃើញថាបន្ទាប់ពីការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Jules Kounde និងកាតក្រហមចំពោះប្រធានក្រុម Barcelona កីឡាករ Ronald Araujo នៅចុងបញ្ចប់នៃតង់ទីមួយនោះ បានធ្វើឱ្យក្រុមដឹកនាំដោយលោក Enzo Maresca មានឱកាសជាច្រើនក្នុងការបញ្ចប់ទី។

កីឡាករវ័យក្មេង Estevao និង Liam Delap ក៏រកបានម្នាក់មួយគ្រាប់ ក្នុងកីឡដ្ឋាន Stamford Bridge ហើយជ័យជម្នះនេះនាំពួកគេឡើងទៅកាន់លេខរៀងទី៥ ក្នុងតារាង League Phase បណ្ដោះអាសន្នស្មើជាមួយ Man City និង Borussia Dortmund ខណៈ ៣នៅសល់ពីវគ្គនេះ Chelsea នឹងប៉ះក្រុម Pafos, Atalanta និង Napoli ៕