ពេញលេង! Ronaldo នឹងមិនអវត្តមាននៅថ្ងៃបើកឆាក WC26 ដោយសារកាតក្រហមឡើយ
26-11-2025 11:26
(បរទេស)៖ ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនជាមួយជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បើទោះបីជាទទួលបានកាតក្រហមនៅអំឡុងប្រកួតទល់នឹងសាធារណរដ្ឋអៀរឡង់ក៏ដោយ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមព័រទុយហ្គាល់ វ័យជាង ៤០ឆ្នាំរូបនេះ ត្រូវបានពិន័យកាតក្រហម ក្រោយឆែក VAR រកឃើញថា បានប្រើកែងដៃអុកចំខ្នង Dara O'Shea ឱ្យដួល នៃជំនួបដែលពួកគេរងបរាជ័យ ២-០ នៅក្នុងផ្ទះអៀរឡង់កាលពីដើមខែនេះ។
ជាធម្មតា តាមរយ:ការប្រើហឹង្សានេះ នឹងត្រូវរងពិន័យ ៣ប្រកួត ក៏ប៉ុន្តែការដកបញ្ឈរជើងក្នុងប្រកួតទី២ និងទី៣ របស់ Ronaldo ត្រូវបានព្យួរជាបណ្តោះអាសន្នក្នុងឆ្នាំនេះ។
នេះជាកាតក្រហមលើកដំបូង ដែលរូបគេទទួលបាន ក្រោយលេងឱ្យព័រទុយហ្គាល់ ២២៦ប្រកួតមកនេះ ដោយស៊ុតបាន ១៤៣គ្រាប់ច្រើនជាងគេផងដែរ។
Cr7 បានរងពិន័យ ១ប្រកួតរួចហើយកាលពីព័រទុយហ្គាល់ ប្រកួតបិទពូលនៃវគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប UEFA កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយពុំអវត្តមានទៀតឡើយនៅសហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដានាឆ្នាំក្រោយនេះ៕



