Penny អត្តពលិកហែលទឹកកាណាដា ទទួលយកការព្យួរ ចំពោះការប្រើប្រាស់សារធាតុហាមឃាត់

26-11-2025 11:43

(បរទេស)៖ ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ បានឱ្យដឹងកាលពីថ្ងៃអង្គារថា កីឡាការិនី Penny Oleksiak ដែលជាអត្តពលិកអូឡាំពិកស្ត្រីឆ្នើមម្នាក់ ទទួលបានពានរង្វាន់ច្រើនបំផុតរបស់ប្រទេសកាណាដា បានទទួលយកការព្យួររយៈពេល ២ឆ្នាំ ចំពោះការរំលោភលើច្បាប់ប្រឆាំងការប្រើប្រាស់សារធាតុញៀន ។

យោតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ បានបង្ហាញថា កីឡាការិនីវ័យ ២៥ឆ្នាំ Penny Oleksiak បានប្រព្រឹត្តកំហុសឆ្គងចំនួន ៣លើកក្នុងរយៈពេល ១២ខែ ។

ហើយតាមរយៈពេលការព្យួរនេះដែរ នឹងធ្វើឱ្យម្ចាស់មេដាយមាយអូឡាំពិក Summer Olympics 2016លើវិញ្ញាសាហែលទឹកសេរី ១០០ម៉ែត្ររូបនេះ ត្រូវអវត្តមានរហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៧ តែនឹងនៅមានឱកាសសម្រាប់ព្រឹត្តិការណ៍ LA 2028 ។

ខណៈទីភ្នាក់ងារធ្វើតេស្តអន្តរជាតិ ITA បានឱ្យដឹងទៀតថា លទ្ធផលប្រកួតប្រជែងណាមួយដែលទទួលបានចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ តទៅ នឹងត្រូវបានដកសិទ្ធិ រួមទាំងការដកហូតមេដាយ ពិន្ទុ និងពានររង្វាន់ផងដែរ ។

ចំពោះករណីនេះ សមាគមហែលទឹកកាណាដា Swimming Canada បានចេញសេចក្តីថ្លែងការណ៍មួយថា គឺគោរពការសម្រេចចិត្តរបស់ ITA ក្នុងការដាក់ពិន័យព្យួររយៈពេល ២ឆ្នាំលើ Oleksiak ហើយថា ខ្លួនគាំទ្រការអនុវត្តច្បាប់ប្រឆាំងការប្រើប្រាស់សារធាតុញៀន ។

ដូចដែលបានគូសបញ្ជាក់នៅក្នុងកម្មវិធីប្រឆាំងការប្រើប្រាស់សារធាតុញៀនកាណាដា និងតាមរយៈអង្គការ World Aquatics និង World Anti-Doping Agency ដែលជាទីភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុពិភពលោក ៕