ក្រុមកីឡាបាល់បោះនារី នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា​បាល់បោះជម្រើសជើងឯកថ្នាក់ជាតិ អាយុក្រោម ២៧ឆ្នាំ

26-11-2025 11:53

(ភ្នំពេញ)៖ ក្រុមកីឡាបាល់បោះនារី សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) ដណ្តើមបានចំណាត់ថ្នាក់លេខ១ (មេដាយមាស) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះជម្រើសជើងឯកថ្នាក់ជាតិ បុរស-នារី អាយុក្រោម ២៧ឆ្នាំ ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា។

ពិធីបិទការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិយុវជនអាយុក្រោម ២៧ឆ្នាំ ប្រចាំ២០២៥ បានធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក អ៊ុក សិទ្ធិជាតិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងមានការចូលរួមពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានប្រតិភូកីឡាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រួមទាំងមានក្រុមកីឡាករ កីឡាការិនីជាច្រើនរូបទៀត នៅទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ថ្លែងនាឱកាសនោះលោក អ៊ុក សិទ្ធិជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត និងប្រតិភូកីឡា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្កលក្ខណៈគ្រប់បែបយ៉ាងធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអបអរសាទរចំពោះក្រុមកីឡាបាល់បោះទាំងអស់ដែលបានមកចូលរួមប្រកួតតាមស្មារតីភាពជាកីឡា និងការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាការប្រកួត។

នាឱកាសនោះអ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា ក្រុមកីឡាបាល់បោះនារីនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដណ្តើមបានមេដាយមាសនេះ ជាជ័យលាភីដ៏ត្រចះត្រចង់ដែលកើតចេញពីការយកចិត្តទុកដាក់របស់លោកគ្រូបង្ហាត់ និងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡការិនី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

អ្នកឧកញ៉ា លី ឃុនថៃ ក៏បានផ្ដាំផ្ញើផងដែរដល់កីឡាករ កីឡាការិនី ដែលទទួលបានទទួលចំណាត់ថ្នាក់ល្អនាពេលនេះ សូមកុំបោះបង់ចោលការហ្វឹកហាត់ ត្រូវតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីផ្សេងៗ រួមនឹងកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃប្រកួតកីឡាបាល់បោះ​ជម្រើសជើងឯកថ្នាក់ជាតិ អាយុក្រោម ២៧ឆ្នាំ ឆ្នាំ២០២៥ មានវិញ្ញាសាបាល់បោះបុរសមានចំនួន ១១ក្រុម ចែកចេញជា ៤ពូល ក្រុមចូលរួមប្រកួតរួមមាន (១) សមាគមកីឡាបាល់បោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (២) ក្លឹបកីឡាបាល់បោះមជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ (៣) ក្លឹបកីឡាបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៤) ក្លឹបបាល់បោះខេត្តកំពត (៥) ក្លឹបបាល់បោះខេត្តបន្ទាយមានជ័យ (៦) ក្លឹបបាល់បោះខេត្តសៀមរាប (៧) ក្លឹបបាល់បោះខេត្តកំពងឆ្នាំង (៨) ក្លឹបបាល់បោះវិទ្យាល័យទួលអំពិល (៩) ក្លឹបបាល់បោះសាលាហ្គោឌិនហ្គេត (១០) ក្លឹបបាល់បោះ RARY NGAS (១១) ក្លឹបបាល់បោះ SYNERGY។

វិញ្ញាសាបាល់បោះនារីមានចំនួន ៥ក្រុម ចូលប្រកួតវិញជុំសន្សំពិន្ទុ (១) សមាគមកីឡាបាល់បោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (២) ក្លឹបកីឡាបាល់បោះមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (៣) ក្លឹបកីឡាបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (៤) ក្លឹបបាល់បោះខេត្តកណ្តាល (៥) ក្លឹបបាល់បោះ សាលាហ្គោឌិនហ្គេត៕