ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងទិញភាគហ៊ុន រវាង HOTAI FINANCE CO., LTD. និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក

26-11-2025 11:54

(ភ្ន​ំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន និងការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុ ការពង្រឹងតួនាទីនៅក្នុងស្ថាប័ន ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញភាគហ៊ុន រវាង HOTAI FINANCE CO., LTD. ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅតៃវ៉ាន់ និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនៃន ម.ក។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងម្ចាស់ភាគហ៊ុនរបស់ HOTAI FINANCE CO., LTD. តំណាងដោយលោក ឆិន ជៀនចូវ ប្រធានក្រុមប្រឹក្សាភិបាល HOTAI FINANCE CO., LTD. និងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ដែលតំណាងដោយអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនៃន ម.ក។

អ្នកឧកញ៉ា លី សុភ័ក្ត បានសម្តែងនូវមោទនភាព និងសេចក្តីរីករាយដែលម្ចាស់ភាគហ៊ុនរបស់ HOTAI FINANCE CO., LTD. បានផ្តល់ជំនឿទុកចិត្តមកលើគ្រឹះស្ថានអេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ក៏ដូចជាជំនឿទុកចិត្តលើសក្តានុពលនៃទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ដែលជាក់ស្តែងចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដំបូងក្នុងឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនៃន ម.ក បានដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជូនភតិសន្យា និងកម្ចី ដល់ប្រជាជនកម្ពុជាទូទាំងប្រទេសសម្រាប់ការទិញយានយន្តដែលរួមមាន រថយន្ត ម៉ូតូ សម្រាប់គោលបំណងអាជីវកម្ម ក៏ដូចជាការប្រើប្រាស់ផ្ទាល់ខ្លួន។

អ្នកឧកញ៉ា លី សុភ័ក្ត បានថ្លែងបន្ដថា HOTAI FINANCE CO., LTD. គឺជាដៃគូយុទ្ធសាស្រ្តដ៏រឹងមាំមួយរបស់គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមកស្ថាប័នទាំងពីរមានទំនាក់ទំនងល្អយ៉ាងជិតស្និតជាមួយគ្នាក្នុងភាពជាដៃគូ និងបានទទួលស្គាល់នូវគុណតម្លៃរបស់គ្នាជាយូរមកហើយ។

ការទិញភាគហ៊ុនបន្ថែមរហូតក្លាយជាភាគទុនិកដែលមានចំណែកភាគហ៊ុនធំជាងគេរបស់ HOTAI FINANCE CO., LTD. នៅក្នុងគ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក បានជួយឱ្យគ្រឹះស្ថានអាចពង្រីកធនធានហិរញ្ញវត្ថុកាន់តែធំ និងរឹងមាំ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព ព្រមទាំងដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ជាមួយគ្នានេះដែរលោក ឆិន ជៀនចូវ ប្រធានក្រុមប្រឹក្សាភិបាល HOTAI FINANCE CO., LTD. បានគូសបញ្ជាក់ថាការចុះហត្ថលេខាកិច្ចព្រមព្រៀងនាពេលនេះ គឺបង្ហាញឱ្យឃើញផងដែរថា យើងកំពុងឆ្ពោះទៅរកសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប និងទូលំទូលាយជាងមុន។ ដោយរួមបញ្ជូលសន្ទុះថាមពលចលនាថ្មីទៅក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សជាបន្ដបន្ទាប់របស់យើង ជាពិសេសតាមរយៈកិច្ចសហប្រតិបត្ដិការកាន់តែស៊ីជម្រៅនេះ យើងនឹងរួមគ្នាកសាងប្រព័ន្ធប្រតិបត្ដិការដែលមានការប្រកួតប្រជែងកាន់តែខ្លាំង និងពង្រីកទៅក្នុងទីផ្សារកាន់តែប្រសើរ។

សូមជម្រាបថាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងនៅបរិវេណការិយាល័យភូមិយើង សាលប្រជុំផ្ទះកញ្ចក់ រាជធានីភ្នំពេញ៕