កីឡាករវាយកូនហ្គោលដ៏ល្បី Michael Campbell៖ «កីឡាវាយកូនហ្គោល គឺសម្រាប់ទាំងអស់គ្នា ហើយត្រូវមានសុបិនខ្ពស់ ដើម្បីអនាគត»

26-11-2025 13:29

(តាកែវ)៖ កីឡាករវាយកូនហ្គោលលំដាប់អន្តរជាតិលោក Michael Campbell ដឹកនាំដោយអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានធ្វើដំណើរទស្សនកិច្ចទៅដល់សាលាបឋមសិក្សា បាក់រនាស់ ខេត្តតាកែវ ដើម្បីផ្តល់ក្តីស្រឡាញ់ និងជួបជុំជាមួយសិស្សានុសិស្ស ក្នុងនោះក៏បានបង្ហាញពីរបៀបនៃការវាយកូនហ្គោលខ្លះៗ ដល់ក្មួយៗដើម្បីស្វែងយល់អំពីកីឡាករវាយកូនហ្គោលផងដែរ។

ក្នុងឱកាសនោះ កីឡាករវាយកូនហ្គោល Michael Campbell បាននិយាយថា «កីឡាវាយកូនហ្គោល គឺសម្រាប់ទាំងអស់គ្នា!» ហើយលោកបានជំនះឧបស្គជាច្រើនពីគ្រួសារ ដែលមានកំណើតពីកសិករមានជីវភាពមិនសូវធូរធា ក្នុងតំបន់ជនបទប្រទេសញ៉ូវហ្សែនលែន មុននឹងវិវត្តខ្លួនក្លាយជាកីឡាករវាយកូនហ្គោលដ៏ល្បី ឈ្នះពានរង្វាន់ជាច្រើនជុំវិញពិភពលោក។

លោកបានឆ្លៀតឱកាសចុះទៅចែករំលែកបទពិសោធន៍ និងបំផុសគំនិតដល់ប្អូនៗកុមារកម្ពុជា ឲ្យមានក្តីសុបិនខ្ពស់ ខិតខំប្រឹងប្រែងដើម្បីឈោងចាប់ក្តីស្រមៃរបស់ខ្លួន មិនថាមកពីស្ថានភាពគ្រួសារប្រភេទណាក៏ដោយ។

ទន្ទឹមនឹងនោះ លោកក៏បានបង្ហាត់បង្ហាញក្មេងៗ អំពីតិចនិចខ្លះៗពីការវាយកូនហ្គោល ដែលបង្កើតបរិយាកាសសប្បាយរីករាយ ជាមួយនឹងបទពិសោធន៍ថ្មីលើកីឡាវាយកូនហ្គោល ឲ្យសមនឹងពាក្យ «កីឡាកររស់ក្នុងសន្តិភាព»