កីឡាបញ្ចស៊ីឡាត់ ឈ្នះមេដាយ ២គ្រឿង នៃការប្រកួតកីឡាសិស្សអាស៊ាន លើកទី៤ នៅប្រ៊ុយណេ

26-11-2025 14:08

(ភ្នំពេញ)៖ ក្រុមកីឡាបញ្ចស៊ីឡាត់កម្ពុជា បានឈ្នះមេដាយ ២គ្រឿងបណ្ដោះអាសន្ន នៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN Schools Games 2025) នៅប្រទេសប្រ៊ុយណេ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។

សម្រាប់មេដាយដំបូង ដែលក្រុមកីឡាសិស្សកម្ពុជាទទួលបានពីព្រឹត្តិការណ៍ថ្នាក់តំបន់នេះ រួមមានមេដាយប្រាក់ ១ ដែលរកបានដោយកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ក្រោយចាញ់ម្ចាស់ក្បាច់គុនឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ និងមេដាយសំរឹទ្ធ ១ រកបានដោយកីឡាករ ភុក ដានីញ៉ែល បន្ទាប់ពីចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីដៃកីឡាករឥណ្ឌូនេស៊ីដូចគ្នា។

គួរដឹងថា ការប្រកួតកីឡាសិស្សប្រចាំតំបន់អាស៊ាននេះ ប្រព្រឹត្តទៅពីថ្ងៃទី២០-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានប្រតិភូកីឡា ១០ប្រទេសចូលរួម ស្មើនឹងកីឡាករ-កីឡាការិនីសរុប ១,០៥៥នាក់ ក្នុងនោះក៏មានវត្តមានប្រតិភូកីឡាសិស្សកម្ពុជាចំនួន ២៨នាក់ផងដែរ៕