ខ្មែរ ប៊ែវើរីជីស បន្តដំណើរទៅខេត្តឧត្តរមានជ័យ ក្រោយប្រមូលទិញស្រូវបានសរុប ៩៦៩ តោន ពីគ្រួសារកងទ័ពនៅខេត្តព្រះវិហារ
26-11-2025 17:16
(ឧត្តរមានជ័យ)៖ ក្រោយប្រកាសប្រមូលទិញស្រូវ ៥,០០០ តោន ជារៀងរាល់ឆ្នាំ ក្នុងតម្លៃ ១,០០០ រៀល ពីប្រជាកសិករគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីស បានចុះទៅដល់តំបន់ខេត្តព្រះវិហារមុនគេ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លាង ម៉េង ដើម្បីជួយសម្រាលបន្ទុកគ្រួសារកងទ័ពដែលជាកសិករ ដោយប្រមូលទិញស្រូវបានសរុប ៩៦៨ តោន ពីគ្រួសារកសិករសរុប ២១០គ្រួសារ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងបន្តការប្រមូលទិញទិន្នផលស្រូវ ពីប្រជាកសិករនៅខេត្តឧត្តរមានជ័យ ដើម្បីឱ្យគ្រប់ចំនួន ៥,០០០ តោន ក្នុងឆ្នាំដំបូងនេះ ដោយមានវត្តមានអ្នកឧកញ៉ា លាង ឃុន ចុះទៅបញ្ជរទិញពីគ្រួសារកសិករដោយផ្ទាល់។ វត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំង ២លើកនេះ បញ្ជាក់ច្បាស់ពីស្មារតីគាំទ្រ និងជួយសម្រាលបន្ទុកកសិករខ្មែរដែលកំពុងជួបការលំបាក ជាពិសេស គឺប្តេជ្ញាថារាល់ថវិកាទិញដូរទាំងប៉ុន្មាន ត្រូវតែបានទៅដល់ដៃគ្រួសារកសិករផ្ទាល់ ដោយពុំមានឈ្មួញកណ្តាល ឬជនទី ៣ ណាកាក់ទិញបន្តឡើយ។
ក្នុងស្មារតីគាំទ្រកសិករខ្មែរ លើកស្ទួយកសិផលក្នុងស្រុក ទិន្នផលស្រូវដែលប្រមូលទិញបានទាំងអស់ នឹងត្រៀមយកមកចែកចាយលក់នៅក្នុងផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ទាំង ១៥សាខា ដើម្បីឱ្យប្រជាជនខ្មែរបានជួយគាំទ្រស្នាដៃកសិករខ្មែរនៅតាមតំបន់ ក៏ដូចជាចូលរួមជំរុញការគាំទ្រកសិផលក្នុងស្រុក។ យុទ្ធនាការប្រមូលទិញស្រូវ ៥,០០០ តោននេះ នឹងបន្តជារៀងរាល់ឆ្នាំ ធ្វើយ៉ាងណាឱ្យទិន្នផលស្រូវក្នុងស្រុកកាន់តែមានទីផ្សារ ទទួលបានតម្លៃល្អ ដើម្បីជួយសម្រួលជីវភាពប្រជាកសិករខ្មែរ ឱ្យកាន់តែប្រសើរឡើង។
ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនកូនខ្មែរ គាំទ្រផលិតផលខ្មែរ!៕












