Neymar ប្រឈមអត់បានលេង World Cup 2026 ក្រោយរងរបួសជង្គង់
27-11-2025 08:12
(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Neymar អាចនឹងអវត្តមានពីក្រុមសាំបាប្រេស៊ីល នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយរងរបួសជង្គង់ជាទម្ងន់ថ្មីៗនេះ។
ប្រភពពី ESPN បានចេញផ្សាយថា អតីតប្រធានក្រុមរូបនេះ ក៏នឹងអវត្តមាន ៣ប្រកួតចុងក្រោយជាមួយ Santos មុនពេលបិទរដូវកាល។
Neymar ក៏បានអវត្តមានកាលពីថ្ងៃចន្ទផងដែរ ពេលក្រុម Santos លេងស្មើ ១-១ នៅក្នុងផ្ទះរបស់ Internacional បន្ទាប់ពីរបួសជង្គង់ខាងឆ្វេងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមប្រភពនានាបានបង្ហាញថា បញ្ហារបួសរបស់កីឡាករវ័យ ៣៣ឆ្នាំរូបនេះ មានលក្ខណៈធ្ងន់ធ្ងរ ដែលជង្គង់ឆ្វេងធ្លាប់បានវះកាត់កាលពី ២ឆ្នាំមុន ដោយសារដាច់សរសៃពួរ ACL។
Neymar គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ប្រេស៊ីល ដែលរំពឹងថា បានបង្ហាញខ្លួនជាលើកទី៤ នៅ World Cup 2026 គ្រាដែលគ្រូបង្វឹក លោក Carlo Ancelotti ធ្លាប់បាននិយាយនាពេលថ្មីៗនេះថា Neymar ត្រូវតែមានកាយសម្បទារឹងមាំ ក្នុងការពិចារណាជ្រើសរើសចូលជម្រើសជាតិ៕



