Mbappe ស៊ុតបាន ៤គ្រាប់ម្នាក់ឯងជួយ Real វាយបកឈ្នះ Olympiakos នៅ UCL
27-11-2025 09:50
(បរទេស)៖ ខ្សែប្រយុទ្ធ Kylian Mbappe រកបាន ៤គ្រាប់ម្នាក់ឯង ជួយ Real Madrid វាយបកឈ្នះ Olympiakos ៤-៣ ក្នុងកម្មវិធីពានអឺរ៉ុប UEFA Champions League 2025-26។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមម្ចាស់ផ្ទះរបស់ក្រិច បានបើកឆាកនាំមុខអតីត UCL ១៥សម័យ ក្រោយលេងបានតែ ៨នាទីប៉ុណ្ណោះ ដោយកីឡាករ Francisco Chiquinho ក្នុងចម្ងាយស៊ុតប្រមាណ ២០យ៉ាត។
ក៏ប៉ុន្តែ ប្រធានក្រុមមាន់គកបារាំង ដែលលេងក្នុងរដូវកាលទី២ នៅ Real ធ្វើបានហែតទ្រីក ក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ក្លាយជាអ្នករកបាន ៣គ្រាប់លឿនបំផុតទី២ នៅក្របខណ្ឌ UCL នេះ។
Mbappe ដែលបានមកចូលរួមជាមួយអធិរាជស ក្រោយចប់កិច្ចសន្យានៅ PSG បានកំពុងនាំមុខគេក្នុងតារាង top scorer នៅ UCL រដូវកាលនេះ ដោយរកបាន ៩គ្រាប់ពីការលេងបាន ៥ប្រកួត។
តាមរយៈលទ្ធផលជ័យជម្នះនេះ នៅឱ្យ Real របស់លោក Xabi Alonso ឈរលេខ៥ ក្នុង League Phase ដាច់ ៣ពិន្ទុពីក្រុមកំពូលតារាង Arsenal គ្រាដែល Olympiakos ឈរលេខ៣៣ ដោយមានតែ ២ពិន្ទុបណ្តោះអាសន្ន៕



