Apple ប្រឈមបង់ប្រាក់ពិន័យរហូតដល់ ៣៨ពាន់លានដុល្លារ ជុំវិញប្រឆាំងច្បាប់ប្រកួតប្រជែងនៅឥណ្ឌា
27-11-2025 09:50
(បរទេស)៖ ក្រុមហ៊ុន Apple បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូលទីក្រុងញ៉ូដេលី ដើម្បីប្រឆាំងនឹងការកែសម្រួលច្បាប់ប្រឆាំងការប្រកួតប្រជែងថ្មីរបស់ឥណ្ឌា ដែលអនុញ្ញាតឱ្យក្រុមប្រឹក្សាប្រឆាំងការប្រកួតប្រជែង (CCI) កំណត់ទោសផាកពិន័យ ផ្អែកលើប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទូទាំងពិភពលោក មិនមែនតែក្នុងឥណ្ឌាទេ។ ការកែសម្រួលនេះអាចធ្វើឱ្យ Apple ប្រឈមមុខនឹងការផាកពិន័យរហូតដល់ ៣៨ពាន់លានដុល្លារ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ច្បាប់ប្រឆាំងការប្រកួតប្រជែងដែលបានកែសម្រួលនៅឆ្នាំ២០២៤ អនុញ្ញាតឱ្យ CCI ផាកពិន័យដោយធ្វើឡើងដល់តែ ១០% នៃប្រាក់ចំណូលសរុបមធ្យមរបស់ក្រុមហ៊ុនក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ ការគ្រប់គ្រងផ្អែកលើប្រាក់ចំណូលសកលនេះបានធ្វើឱ្យ Apple ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រាក់ចំណូលសកលរបស់ខ្លួនមានទំហំយ៉ាងធំធេង។ ទោះយ៉ាងនេះក្តី Apple បានប្តឹងតវ៉ា ដោយក្នុងឯកសារបណ្តឹងប្រមាណ ៥៤៥ ទំព័រ Apple បានអះអាងថា៖
* ការគណនាពិន័យផ្អែកលើប្រាក់ចំណូលសកលគឺ «មិនសមហេតុផល មិនសមស័ក្តិ ឃោរឃៅលើសកម្រិត និងមិនយុត្តិធម៌»។
* ច្បាប់នេះផ្ទុយនឹងវិន័យតុលាការក្នុងសំណុំរឿង Excel Crop ឆ្នាំ ២០១៧ ដែលកំណត់ថា ត្រូវគណនាពិន័យតែពី «ចំណូលអាជីវកម្មដែលពាក់ព័ន្ធនឹងការរំលោភច្បាប់« មិនមែនប្រាក់ចំណូលរួមទាំងស្រុង។
* ការអនុវត្តច្បាប់លើអតីតកាល (retroactive) គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
* Apple អះអាងថាពាណិជ្ជកម្មរបស់ខ្លួនក្នុងឥណ្ឌាមានភាគរយតិច ប៉ុន្តេច្បាប់ថ្មីគឺយកប្រាក់ចំណូលសកល ដូច្នេះពិន័យអាចខ្ពស់មិនសមស្របនឹងសកម្មភាពលើទីផ្សារក្នុងប្រទេស។
គួរជម្រាបថា Apple កំពុងស្ថិតក្នុងសំណុំរឿងតំណក់តាម CCI ចាប់តាំងពីឆ្នាំ ២០២២ ពាក់ព័ន្ធនឹងគោលការណ៍ App Store ដូចជា ការបង្ខំឱ្យអ្នកអភិវឌ្ឍកម្មវិធីប្រើប្រព័ន្ធទូទាត់ IAP របស់ Apple និងការហាមប្រើអ្នកផ្តល់សេវាទូទាត់ភាគីទី ៣។ ការសម្រេចនេះអាចមានឥទ្ធិពលធំលើក្រុមហ៊ុនអន្តរជាតិដទៃទៀត ប៉ុន្តែបើ Apple ឈ្នះ វាអាចនឹងផ្លាស់ប្តូរយុទ្ធសាស្រ្តអនុវត្តច្បាប់ប្រឆាំងការប្រកួតប្រជែងនៅឥណ្ឌាដោយស្រុង៕










