មន្ទីរបញ្ចកោណអាមេរិក ចង់បញ្ចូល Alibaba, Baidu និង BYD ក្នុងបញ្ជីក្រុមហ៊ុនចិនមានទំនាក់ទំនងនឹងយោធា

27-11-2025 12:15

(បរទេស)៖ យោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ឱ្យបន្ថែមក្រុមហ៊ុនធំៗរបស់ចិនចំនួន៣ ដូចជា Alibaba Group, Baidu និង BYD ទៅក្នុងបញ្ជី «ក្រុមហ៊ុនចិនពាក់ព័ន្ធយោធា» ដែលស្ថិតក្រោមបញ្ជីច្បាប់ Section 1260H។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការផ្តល់យោបល់ដូចខាងលើ ត្រូវបានរៀបចំក្នុងលិខិតមួយចុះនៅថ្ងៃទី៧ ខែតុលា ដោយអនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិអាមេរិក លោក Stephen Feinberg ហើយបានបញ្ជូនទៅក្រុមមេដឹកនាំសភាអាមេរិក ពោលគឺធ្វើឡើងបីសប្ដាហ៍មុនពេលប្រធានាធិបតីដូណាល់ ត្រាំ និង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង យល់ព្រមលើកិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្ម។ ក្រៅពីក្រុមហ៊ុនធំទាំង៣នេះមន្ទីរបញ្ចកោណអាមេរិក ក៏បានលើកឈ្មោះក្រុមហ៊ុនចិនផ្សេងទៀតចំនួន ៥ សម្រាប់ការពិចារណាបញ្ចូលបន្ថែមរួមមាន៖ Eoptolink Technology, Hua Hong Semiconductor, RoboSense Technology, WuXi AppTec និង Zhongji Innolight។

បញ្ជីច្បាប់ Section 1260H គឺជាបញ្ជីផ្លូវការដែលអាមេរិកប្រើដើម្បីកំណត់ក្រុមហ៊ុនចិន ដែលត្រូវបានចោទថា មានការផ្តល់ជំនួយឬទំនាក់ទំនងជាមួយយោធាចិន។ ការមានឈ្មោះក្នុងបញ្ជីនេះ មិនមានន័យថា នាំឱ្យមានទណ្ឌកម្មផ្លូវច្បាប់ភ្លាមៗទេ ប៉ុន្តែធ្វើឱ្យមានហានិភ័យក្នុងវិស័យវិនិយោគ និងកំពុងបង្កើនការយកចិត្តទុកដាក់ពីភាគីអាមេរិក។ ក្រុមហ៊ុន Alibaba បានឆ្លើយថា ការបញ្ជូលឈ្មោះរបស់ខ្លួនក្នុងបញ្ជីនេះ «គ្មានមូលដ្ឋាន» និងថា ក្រុមហ៊ុនមិនមែនជាក្រុមហ៊ុនយោធាចិន ឬជាផ្នែកនៃយុទ្ធសាស្ត្រ Military-Civil Fusion នោះទេ។ Alibaba បន្ថែមថា ទោះបីជាត្រូវបានបញ្ចូលជាផ្លូវការ ក៏មិនមានភាពអវិជ្ជមានចំពោះអាជីវកម្មរបស់ខ្លួនឡើយ។ ទោះយ៉ាងណា ក្រុមហ៊ុន Baidu និង BYD មិនទាន់មានការឆ្លើយតបទៅលើរបាយការណ៍ខាងលើនេះឡើយ។

គួរជម្រាបថា បញ្ជី Section 1260H ត្រូវបានប្រើជាឧបករណ៍សំខាន់មួយក្នុងការត្រួតពិនិត្យក្រុមហ៊ុនចិន ដែលអាចចូលរួមក្នុងបច្ចេកវិទ្យាយោធា ឬសហការតាមរយៈបច្ចេកវិទ្យា។ កន្លងទៅ ក្រុមហ៊ុនធំៗដូចជា Tencent និង CATL ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីនេះ ហើយបង្កឱ្យមានផលប៉ះពាល់លើតម្លៃភាគហ៊ុន និងទំនាក់ទំនងអាជីវកម្មជាច្រើនផងដែរ៕