Intel បដិសេធការចោទប្រកាន់របស់ TSMC ថាបុគ្គលិកជាន់ខ្ពស់ខ្លួនបានលួចការសម្ងាត់ពាណិជ្ជកម្ម
27-11-2025 13:01
(បរទេស)៖ ក្រុមហ៊ុន Intel បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់តៃវ៉ាន់ ថាបុគ្គលិកជាន់ខ្ពស់ម្នាក់របស់ Intel គឺលោក Wei-Jen Lo បានលួចការសម្ងាត់ពាណិជ្ជកម្ម។ លោក Lo គឺជាអតីតអនុប្រធានជាន់ខ្ពស់របស់ TSMC ដែលទើបចូលនិវត្តន៍បន្ទាប់ពីបម្រើការបាន ២១ ឆ្នាំ ហើយបានផ្លាស់ទៅចូលរួមជាមួយ Intel នៅខែតុលា ឆ្នាំនេះ។ លោក Lo ធ្លាប់ដើរតួនាទីសំខាន់ក្នុងការជួយជំរុញការផលិតបន្ទះឈីបកម្រិតខ្ពស់ (5-nm, 3-nm, និង 2-nm) របស់ TSMC។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
Intel បានការពារបុគ្គលិកជាន់ខ្ពស់របស់ខ្លួន ដោយបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ផ្អែកលើអ្វីៗទាំងអស់ដែលយើងដឹង យើងគ្មានហេតុផលអ្វីដែលត្រូវជឿថាមានមូលដ្ឋានពិតប្រាកដណាមួយចំពោះការចោទប្រកាន់ដែលពាក់ព័ន្ធនឹងលោក Lo នោះទេ»។ ក្រុមហ៊ុនអាមេរិកមួយនេះក៏បានសង្កត់ធ្ងន់ដែរថា ខ្លួនមានគោលនយោបាយយ៉ាងតឹងរ៉ឹងដែលហាមឃាត់ការប្រើប្រាស់ព័ត៌មានសម្ងាត់របស់ភាគីទីបី ហើយបានបន្ថែមថា «ការផ្លាស់ប្តូរបុគ្គលិកមានទេពកោសល្យរវាងក្រុមហ៊ុននានា គឺជាផ្នែកមួយដែលមានលក្ខណៈធម្មតា និងល្អសម្រាប់ឧស្សាហកម្មរបស់យើង ហើយស្ថានការណ៍នេះក៏មិនខុសគ្នាដែរ»។
យ៉ាងណាមិញ ក្រុមហ៊ុន TSMC បានប្តឹងលោក Lo ទៅកាន់តុលាការកម្មសិទ្ធិបញ្ញារបស់តៃវ៉ាន់នៅថ្ងៃអង្គារ ដោយសំអាងលើការព្រួយបារម្ភយ៉ាងខ្លាំង។ TSMC បានលើកឡើងថា «មានប្រូបាប៊ីលីតេខ្ពស់ដែលលោក Lo អាចប្រើប្រាស់ លួចយក បង្ហាញ ឬផ្ទេរការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់របស់ TSMC ទៅឱ្យ Intel ដូច្នេះហើយបានជាចាំបាច់ត្រូវតែមានចំណាត់ការផ្លូវច្បាប់»។
គួរជម្រាបថា ជម្លោះនេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីរដ្ឋាភិបាលតៃវ៉ាន់។ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់បានឱ្យដឹងថា ខ្លួននឹងសហការក្នុងការស៊ើបអង្កេតដើម្បីកំណត់ថា តើករណីនេះពាក់ព័ន្ធនឹងការរំលោភបំពានបច្ចេកវិទ្យាស្នូល ឬការបំពានច្បាប់សន្តិសុខជាតិរបស់តៃវ៉ាន់ដែរឬទេ៕










