Alibaba ប្រកាសលក់ «វ៉ែនតា AI» Quark ក្នុងទីផ្សារចិន បើកការប្រកួតប្រជែងជាមួយ Meta និង Apple ក្នុងវិស័យ Wearables

27-11-2025 15:18

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Alibaba បានប្រកាសលក់ជាផ្លូវការនូវវ៉ែនតាបញ្ញាសិប្បនិម្មិត (AI) ម៉ូដែលថ្មី Quark នៅក្នុងទីផ្សារប្រទេសចិន។ ការដាក់លក់នេះគឺជាសញ្ញាបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនចិនមួយនេះដើម្បីបំបែកខ្លួនចូលទៅក្នុងទីផ្សារឧបករណ៍ AI សម្រាប់ពាក់ (wearables) សកល ដែលបច្ចុប្បន្នកំពុងគ្របដណ្ដប់ដោយក្រុមហ៊ុន Meta។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

វ៉ែនតា AI ម៉ូដែល Quark នេះនឹងចាប់ផ្តើមដាក់លក់ក្នុងតម្លៃ ១,៨៩៩ យ័ន (ប្រហែល ២៦៨.២៥ដុល្លារ) ហើយត្រូវបានបំពាក់ដោយម៉ូដែល AI ផ្ទាល់របស់ Alibaba គឺ Qwen និងកម្មវិធី Quark AI របស់វា។ វ៉ែនតានេះមានលក្ខណៈពិសេសត្រង់រូបរាង ដោយវាត្រូវបានរចនាឡើងឱ្យមើលទៅដូចជាវ៉ែនតាធម្មតាដែលមានស៊ុមប្លាស្ទិកពណ៌ខ្មៅ មិនដូចកាស (headsets) ធំៗដែលផលិតដោយក្រុមហ៊ុនដូចជា Meta នោះទេ។

Alibaba បានបញ្ជាក់ថា វ៉ែនតានេះនឹងត្រូវបានបញ្ចូលយ៉ាងស៊ីជម្រៅជាមួយកម្មវិធីស្នូលរបស់ខ្លួន រួមមានកម្មវិធីទូទាត់ប្រាក់ Alipay និងគេហទំព័រទិញទំនិញ Taobao។ អ្នកប្រើប្រាស់អាចទាញយកអត្ថប្រយោជន៍ពីមុខងារ AI របស់វាសម្រាប់កិច្ចការជាក់ស្តែងដូចជា ការបកប្រែផ្ទាល់មាត់ ពេលធ្វើដំណើរ និង ការសម្គាល់តម្លៃភ្លាមៗ លើទំនិញនានា។

គួរជម្រាបថា ការដាក់លក់នេះត្រូវបានគេមើលឃើញថាជាការជំរុញយ៉ាងខ្លាំងក្លារបស់ Alibaba ទៅក្នុងទីផ្សារ AI សម្រាប់អ្នកប្រើប្រាស់ បន្ទាប់ពីក្រុមហ៊ុនធ្លាប់ដើរយឺតជាងគូប្រជែង។ បច្ចុប្បន្ន ការប្រណាំងរកឧបករណ៍បច្ចេកវិទ្យាថ្មីដែលគាំទ្រដោយ AI កំពុងក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ Meta បន្តគ្រប់គ្រងឧស្សាហកម្មកាស VR ដោយមានចំណែកទីផ្សារប្រហែល ៨០% ខណៈដែល Apple លក់កាស Vision Pro ហើយ Samsung Electronics ក៏បានបញ្ចេញកាស Galaxy XR ដែលប្រើមុខងារ AI របស់ Google ផងដែរ។ ជាមួយគ្នានោះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងទៀតដូចជា Xiaomi និង Baidu ក៏បានដាក់លក់វ៉ែនតា AI ស្រដៀងគ្នានេះរួចមកហើយដែរ៕