«Rise for Khmer» ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់តន្ត្រីកម្ពុជា នៅលើទឹកដីនៃប្រទេសបារាំង
27-11-2025 22:29
(ភ្នំពេញ)៖ តារាជួរមុខរបស់ផលិតកម្ម Baramey រួមមាន VannDa, Vanthan, Norith, YuuHai និង Suzana នឹងរួមគ្នាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រីជាប្រវត្តិសាស្ត្រនៅសាល Salle Pleyel នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
នេះគឺជាការប្រកាសឲ្យមហាជនខ្មែរ និងអន្តរជាតិបានដឹង តាមរយៈសមាគមសិល្បករខ្មែរ, ផលិតកម្ម Baramey Production និង Sabay Events Production (ប្រទេសបារាំង) នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ដីពីព្រឹត្តិការណ៍ «Rise for Khmer»។ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅនៅសាល Salle Pleyel នាទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណានប្រធាន «សមាគមសិល្បកខ្មែរ» បានថ្លែងថា ក្រោមប្រធានបទ «BARAMEY IN PARIS» ព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ នឹងនាំយកតារាចម្រៀងកម្ពុជា ដ៏មានឥទ្ធិពលបំផុតចំនួនប្រាំរូបទៅកាន់កន្លែងមួយដែលពួកគេនឹងបង្ហាញឱ្យឃើញពីការច្នៃប្រឌិតរបស់ខ្មែរ ការឯកភាព សាមគ្គីភាព និងក្តីករុណា នៅលើវេទិការវប្បធម៌លំដាប់អន្តរជាតិមួយនៅទ្វីបអឺរ៉ុប។ «Rise for Khmer» គឺមានន័យលើសពីការប្រគំតន្ត្រី។ វាជាការប្រមូលផ្តុំសម្លេងរបស់ខ្មែរ តាមរយៈសិល្បករ អ្នករៀបចំកម្មវិធី និងសហគមន៍អន្តរជាតិ ដែលរួមគ្នាជាមួយគោលបំណងដូចគ្នា ដើម្បីអបអរសាទរអត្តសញ្ញាណខ្មែរ, លើកកម្ពស់សិល្បៈ និងតន្ត្រីកម្ពុជាទៅកាន់សកលលោក, ពង្រឹងការសាមគ្គីភាព និងលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ពីបញ្ហាព្រំដែនកាលពីពេលថ្មីៗនេះ។
លោកជំទាវអ្នកឧកញ៉ាបន្ថែមថា ការចាប់ផ្តើមជាលើកដំបូងនេះនឹងឆ្លុះបញ្ចាំងពីកម្លាំងរបស់ប្រទេសកម្ពុជា ដែលពោរពេញដោយភាពច្នៃប្រឌិត ហើយកំពុងបន្តរីកលូតលាស់យ៉ាងអស្ចារ្យ។ វាក៏ជាកិត្តិយសមួយរបស់សហគមន៍ខ្មែរនៅបរទេស ជាមួយនឹងមោទនភាព និងចង្វាក់បេះដូងវប្បធម៌របស់ពួកគេកំពុងខ្ទរខ្ទារនៅលើពិភពលោក។ តាមរយៈតន្ត្រី ការដំណាលរឿង និងសកម្មភាពរួមគ្នា «Rise for Khmer» នឹងបង្ហាញពីការពិតដ៏អស្ចារ្យមួយ ពោលគឺនៅពេលសិល្បៈនាំមុខ ការរួបរួមនឹងមកតាមក្រោយ។
ជំពូកដ៏សំខាន់នៃតន្ត្រីខ្មែរសម័យទំនើប
បន្ទាប់ពីការប្រគំតន្ត្រីមិនអាចបំភ្លេចបាននៅក្នុងពិធីបិទការប្រកួតអូឡាំពិក Paris 2024 ជាមួយកំពូលតារាចម្រៀងលំដាប់ពិភពលោកដូចជា Phoenix, Kavinsky និង Angèle តារាចម្រៀងកម្ពុជា VannDa នឹងត្រៀមត្រឡប់ទៅកាន់ទីក្រុងប៉ារីសជាមួយគ្រួសារ Baramey របស់លោក ដែលក្នុងនោះរួមមាន Vanthan, Norith, YuuHai និង Suzana។ សម្លេងរួមគ្នារបស់ពួកគេនឹងតំណាងឱ្យយុគសម័យថ្មីនៃតន្ត្រីកម្ពុជា ដែលនឹងបង្ហាញពីភាពខ្លាំង ប្លែក និងបានចាក់ឫសយ៉ាងជ្រៅក្នុងអត្តសញ្ញាណខ្មែរ។ ការរួមគ្នាលើឆាកតន្ត្រីតែមួយនេះមិនត្រឹមតែសមិទ្ធផលសិល្បៈតែប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលគ្នាក្នុងនាមកម្ពុជាជាអ្នកផ្សព្វផ្សាយវប្បធម៌លើវេទិកាពិភពលោក។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩២៧ សាល Salle Pleyel បានទទួលស្វាគមន៍ការសម្តែងដ៏ល្បីល្បាញជាច្រើននៅលើពិភពលោក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥, ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តារាសិល្បៈខ្មែរចំនួនប្រាំ នឹងឈរជាមួយគ្នានៅលើវេទិកាទីនេះ។
អ្វីដែលអ្នកទស្សនានឹងបានឃើញនៅពេលនោះ មិនមែនត្រឹមតែការប្រគំតន្ត្រីទេ តែវាជាការមកដល់នៃវប្បធម៌មួយ។ ជាពេលវេលាដែលមនុស្សជាច្រើនជំនាន់បានទន្ទឹងរង់ចាំ។ ជាការប្រកាសយ៉ាងច្បាស់ថា សម្លេង ដួងព្រលឹង និងស្មារតីរបស់ខ្មែរ កំពុងឈរនៅកន្លែងមួយក្នុងចំណោមសិល្បៈប្រពៃណីដ៏អស្ចារ្យរបស់ពិភពលោក។
គោលបំណងមនុស្សធម៌រួមគ្នា
«Rise for Khmer» គាំទ្រដោយការប្តេជ្ញាចិត្តរួមក្នុងការងារមនុស្សធម៌សម្រាប់សហគមន៍។ នៅពេលកម្ពុជាកំពុងដោះស្រាយវិបត្តិព្រំដែននាពេលនេះ ព្រឹត្តិការណ៍នេះជាឧបករណ៍មួយក្នុងការរួបរួមប្រជាជនខ្មែរនៅជុំវិញពិភពលោក ដើម្បីគាំទ្រគ្នាដោយមានមោទនភាព និងឯកភាព។
លោកជំទាវអ្នកឧកញ៉ា ក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រ ដោយសប្បុរស ដែលក្នុងនោះរួមមាន Platinum Sponsors: Royal Group of Companies និង Chip Mong Land, និង Gold Sponsor: Overseas Cambodian Investment Corporation (OCIC)។ ជាការគាំទ្រប្រកបដោយអត្ថន័យ ដែលប្រាក់ចំណូលមួយចំណែកបានពីការប្រគំតន្ត្រី នឹងត្រូវប្រើប្រាស់សម្រាប់គ្រួសារដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែន។ ការរួមចំណែកនេះមិនមែនជាការទ្រទ្រង់ដល់មនុស្សក្រីក្រ ឬសប្បុរសធម៌ទេ វាជាការទទួលខុសត្រូវរួមគ្នា។ វាជាសហគមន៍សិល្បៈខ្មែរ ដែលរួមគ្នាផ្តល់ការជួយ សង្ឃឹម និងការព្យាបាលក្នុងពេលវេលាលំបាក។ តាមរយៈការចាប់ផ្តើមលើកដំបូងនេះ សិល្បករកម្ពុជា និងស្ថាប័នរបស់យើង។
សូមបញ្ជាក់ថា ការច្នៃប្រឌិតនាំមកនូវអំណាច។ អំណាចក្នុងការលើកកម្ពស់ អំណាចក្នុងការរួបរួម និងអំណាចក្នុងការសាងស្ពានឆ្លងកាត់ទ្វីបដ៏វែងឆ្ងាយ៕
















