រដ្ឋាភិបាលកូសូវ៉ូ នឹងផ្តល់ប្រាក់ ១.៧៤លានដុល្លារ ប្រសិនឡើង World Cup 2026

28-11-2025 09:59

(បរទេស)៖ រដ្ឋាភិបាលកូសូវ៉ូបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្តល់ប្រាក់ចំនួន 1.5 លានអឺរ៉ូ ដែលស្មើនឹងប្រមាណ (១.៧៤លានដុល្លារ) ដល់ក្រុមបាល់ទាត់ជម្រើសជាតិ ប្រសិនបើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។

សូមជម្រាបផងថា ជម្រើសជាតិកូសូវ៉ូ កំពុងស្វែងរកការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ខណ:ក្រុមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ នៅក្នុងពូលពីវគ្គជម្រុះរបស់ពួកគេ ដោយរកបាន ១១ពិន្ទុ ទទួលបានជម្រើសធានាកៅអីមួយក្នុងការប្រកួតវគ្គ Playoff តំបន់អឺរ៉ុប ដែលនឹងលេងនៅខែមីនា។

បញ្ជាក់ផងថា ជម្រើសជាតិកូសូវ៉ូ នឹងត្រូវប្រកួតជាមួយស្លូវ៉ាគី ដោយក្រុមឈ្នះនឹងត្រូវប្រកួតជាមួយតួកគី ឬរូម៉ានី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃវគ្គ Playoff បន្តដណ្តើមកៅអីទៅព្រឹត្តិការណ៍ World Cup ដែលមានសហរដ្ឋអាមេរិក ម៉ិកស៊ិក កាណាដា ធ្វើម្ចាស់ផ្ទះជំនាន់ទី២៣ ។

ហើយកាន់តែពិសេសនោះ នាយករដ្ឋមន្ត្រីស្តីទីលោក Albin Kurti បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥០០,០០០អឺរ៉ូ ស្មើនឹង ៥៧៩,៧០០ដុល្លារ ដល់ក្រុម ប្រសិនបើពួកគេយកឈ្នះស្លូវ៉ាគី ៕