សាលា CIESF Leaders Academy ប្រកាសសម្ពោធផ្លូវការ នៃអន្ដរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ JICLA ក្រោយរួមចំណែកអប់រំនៅកម្ពុជា ក្នុងនាមសាលាអង្គការជិត ១០ឆ្នាំ
28-11-2025 10:32
(ភ្នំពេញ)៖ សាលា CIESF Leaders Academy (CLA) បានប្រកាសបើកសម្ពោធផ្លូវការ នៃអន្ដរជាតូបនីយកម្មទៅជា Japan International CIESF Leaders Academy(JICLA) ដោយបានបញ្ចូលនូវកម្រិតមធ្យមសិក្សាថ្នាក់អនុវិទ្យាល័យ ដើម្បីឆ្លើយតបនឹងបរិបទរីកចម្រើនលក្ខណៈអន្ដរជាតិ នៃវិស័យអប់រំនៅកម្ពុជា បន្ទាប់ពីសាលាបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងនាមសាលាអង្គការ*NGO School) ជិត ១០ឆ្នាំ។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក MATSUDA Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ហើយក៏មានការចូលរួមពីលោក OKUBO Hideo ប្រធានក្រុមប្រឹក្សាភិបាល CIESF និងលោក SASAHARA Kenji នាយកសាលា JICLA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនផងដែរ នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។ CLA ត្រូវបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១៦ ក្នុងនាមសាលាអង្គការ ហើយបានបន្តអនុវត្តបេសកកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់អនាគតកម្ពុជា។ សាលាក៏បានផ្ដល់នូវការសិក្សាអប់រំ ដែលបញ្ចូលរួមគ្នារវាងវប្បធម៌អប់រំជប៉ុន និងកម្ពុជា ដោយបន្កសកម្មភាពអប់រំដែលជាឫសគល់ចាក់ស្រេះចូល សហគមន៍ ដើម្បីកសាងគុណតម្លៃជូនសង្គមជាតិ។ ប៉ុន្តែបច្ចុប្បន្ន ជាមួយនឹងការរីកចម្រើននៃបរិបទអប់រំជាលក្ខណៈអន្តរជាតិ និងសារសំខាន់នៃការយល់ដឹងអំពី ពហុវប្បធម៌ ដែលជាកត្តាដ៏ចាំបាច់ទាមទារឱ្យមាននៅក្នុងការអភិវឌ្ឍទៅជាគ្រឹះស្ថានអប់រំអន្តរជាតិ ដែលមានចក្ខុវិស័យកាន់តែទូលំទូលាយ និងមានស្ដង់ដារគុណភាពអប់រំកាន់តែខ្ពស់ជាអតិបរមា។ ឆ្លងតាមរយៈ សាវតា ដូចដែលបានរៀបរាប់ខាងលើនេះ CLA បានចាប់ផ្តើមជំហានថ្មី ដោយបានសម្រេចចិត្តធ្វើអន្តរតូបនីយកម្មទៅជា JICLA។ ដើម្បីប្រកាសជាផ្លូវការនៃអន្តរតូបនីយកម្ម យុទ្ធសាស្រ្ត និងគោលនយោបាយថ្មីនេះ សាលាបានប្រារព្ធរៀបចំ «ពិធីបើកសម្ពោធផ្លូវការ នៃអន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ JICLA» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នរដ្ឋ និងឯកជន រួមមានក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូត ជប៉ុនប្រចាំកម្ពុជា និងដៃគូសហការទាំងអស់ ដែលជាស្ថាប័ន ដែលបានគាំទ្រដល់សាលាតាំងពីដើមរៀងមក ដើម្បីធ្វើការប្រកាសពន្យល់ ក៏ដូចជាបង្ហាញពីយុទ្ធសាស្រ្ត និងគោលនយោបាយអនាគតរបស់សាលា។ ស្របជាមួយក្នុងការត្រៀមខ្លួនសម្រាប់អន្តរតូបនីយកម្ម JICLA បានបើកជាផ្លូវការនូវកម្រិតមធ្យមសិក្សាថ្នាក់ អនុវិទ្យាល័យ(កម្រិត៤) សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ដើម្បីពង្រឹង និងពង្រីកសក្តានុពល និងផ្លួវដើរ ដែលជាជម្រើស សម្រាប់ការបន្តការសិក្សានាពេលអនាគតរបស់សិស្សានុសិស្ស សាលាក៏បានកំពុងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាស្ថាប័នអប់រំមួយ ដែលអាចអប់រំបណ្ដុះបណ្ដាលសិស្សានុសិស្ស ហើយអាចឱ្យពួកគេក្លាយបុគ្គលពោរពេញទៅដោយសមត្ថភាពអប់រំពិតប្រាកដ និងមានបុគ្គលិកលក្ខណៈប្រសើរគ្រប់គ្រាន់ ដែលជាសមត្ថភាពដ៏ចាំបាច់ សមស្របនឹងបរិបទនៃយុគសម័យជំនាន់ថ្មីនៃវិទ្យាសាស្រ្ត តាមរយៈការពង្រឹងគុណភាពមាតិកាសិក្សា ព្រមទាំងបញ្ចូលទស្សនៈអប់រំរបស់ជប៉ុនជាដើមទៅក្នុងកម្មវិធីសិក្សាទៀតផង។ ក្នុងរយៈពេលថ្មីៗនេះ JICLA បានជំរុញកំណែទម្រង់អប់រំជាច្រើន ដែលមានដូចជាការប្រើប្រាស់ប្រព័ន្ធសិក្សា បញ្ញាសិប្បនិម្មិត(AI) សម្រាប់ការសិក្សាសមស្របតាមតម្រូវការជាក់លាក់ និងល្បឿននៃការសិក្សាចងចាំរបស់សិស្សានុសិស្ស ការសិក្សាអប់រំពីជប៉ុនបែបរិះរក និងការអប់រំ STEAM ដែលជួយលើកកម្ពស់សមត្ថភាពនវានុវត្តន៍ ឬគំនិតច្នៃប្រឌិតរបស់ សិស្សានុសិស្សជាដើម។ ទោះបីនៅកម្ពុជា ការអប់រំ STEM កំពុងរីកចម្រើន តែសាលាបានបន្ថែមសិល្បៈ និងវប្បធម៌ ចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីបង្កើតជាការអប់រំ STEAM ដ៏ពេញលេញផងដែរ ។ វិធីសាស្រ្តនេះមិនត្រឹមតែបង្កើនសមត្ថភាពគិតបែបវិទ្យាសាស្ត្រតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍសមត្ថភាពនវានុវត្តន៍ ឬគំនិតច្នៃប្រឌិត និងសមត្ថភាព ក្នុងបង្ហាញរបស់សិស្ស តាមរយៈបរិយាកាសសិក្សាដែលមានឯករាជ្យភាព និងស្វ័យភាព។ បន្ថែមលើសនេះ ទោះបី JICLA ឈរលើមូលដ្ឋានការអប់រំបែបជប៉ុនក៏ដោយ តែសាលាបានផ្តល់អាទិភាពខ្ពស់ និងគុណតម្លៃ ដល់ការសិក្សាជាភាសាខ្មែរសម្រាប់មុខវិជ្ជាស្នូល ព្រមទាំងបានផ្ដោតយ៉ាងសំខាន់ទៅលើវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈកម្ពុជា ដែលសុទ្ធសឹងជាស្នូល និងមូលដ្ឋានគ្រឺះនៃការអប់រំ។ «គំរូអប់រំដោយលាយបញ្ចូល (Hybrid Education Model)» ដែលលាយបញ្ចូលចំណុចខ្លាំងនៃការ អប់រំរបស់ជប៉ុន និងកម្ពុជារួមគ្នា គឺមានតួនាទីសំខាន់ក្នុងការបង្កើត បរិយាកាសដែលអនុញ្ញាតឱ្យសិស្សម្នាក់ៗអាចអភិវឌ្ឍខ្លួនទៅជាធនធានមនុស្ស ដែលអាចរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនផង និងមានចក្ខុវិស័យអន្តរជាតិផង។ តាមរយៈការខិតខំប្រឹងប្រែងទាំងអស់នេះ នាំឲ្យសាលាបើកទំព័រប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក្នុងការចែករំលែក និងផ្សព្វផ្សាយ ស្ដីអំពីការចាប់ផ្តើមដំណាក់កាលថ្មី ក្រោមឈ្មោះថ្មី និងការបោះជំហានថ្មីដ៏រឹងមាំឆ្ពោះទៅរកអនាគតដ៏ភ្លឺត្រចះត្រចង់ ជាមួយការសម្ពោធផ្លូវការ នៃអន្តរជាតូបនីយកម្ម និងកម្រិតអនុវិទ្យាល័យ។ ជាមួយគ្នា ថ្នាក់ដឹកនាំ JICLA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ស្ថាប័នទាំងអស់ ដែលបានជួយគាំទ្រដល់សាលាតាំងពីដើមរៀងមក ជាមួយការសង្ឃឹមយ៉ាងមុតមាំថា JICLA នឹងបន្តធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ការអប់រំរវាងកម្ពុជា និងជប៉ុន រួមចំណែកបង្កើតសង្គមដ៏ចម្រើនឧត្តុង្គឧត្តម ប្រកបដោយ ចីរភាព ដោយធានាបាននូវការអប់រំប្រកបដោយស្ដង់ដារគុណភាពខ្ពស់ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិត បានដោយជោគជ័យ៕














