សិស្សជាង ២០០នាក់ចូលរួមវេទិកាកីឡាសម្រាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីគុណតម្លៃអូឡាំពិក នៅខេត្តកែប

28-11-2025 10:50

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ បានរៀបចំវេទិកាកីឡាសម្រាប់ទាំងអស់គ្នា នៅខេត្តកែប ដោយមានសិស្សានុសិស្សជាង ២០០នាក់ បានចូលរួមសិក្សាស្វែងយល់ពីគុណតម្លៃអូឡាំពិក ក៏ដូចជាអត្ថប្រយោជន៍ជាច្រើន នៃសកម្មភាពកីឡា សម្រាប់សង្គមជាតិ និងពិភពលោក។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាវាគ្មិនប្រចាំវគ្គនេះ បានឲ្យដឹងថា វេទិកានេះ ផ្ដោតលើការបង្ហាញពីគុណតម្លៃអូឡាំពិក ទស្សនវិជ្ជាអូឡាំពិក និងដំណើរវិវត្តកីឡាអូឡាំពិក តាំងពីសម័យបុរាណ រហូតដល់អូឡាំពិកសម័យទំនើប ដោយភ្ជាប់ជាមួយការផ្សព្វផ្សាយនូវយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិតរបស់រាជរដ្ឋាភិបាលកម្ពុជា។

កីឡាសម្រាប់ទាំងអស់គ្នានេះ សំដៅលើសកម្មភាពអប់រំកាយ សកម្មភាពហាត់ប្រាណ ឬសកម្មភាពហ្វឹកហាត់កីឡា ដើម្បីបញ្ជ្រាបការយល់ដឹងដល់មហាជនឲ្យចូលរួមលេងកីឡា ដោយមិនផ្ដោតតែលើកីឡាជំនាញនោះទេ តែជាសកម្មភាពកីឡាទូទៅ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់សិស្សផង និងប្រជាពលរដ្ឋទូទៅផង ស្របតាមចក្ខុវិស័យរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ គឺការកសាងពិភពលោក ប្រកបដោយសន្ដិភាព និងស្រស់បំព្រងតាមរយៈវិស័យកីឡា។

គួរដឹងថា វេទិកាកីឡាសម្រាប់ទាំងអស់គ្នា នៅខេត្តកែបនេះ មានរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកានេះ ក្រោមគម្រោងសាមគ្គីអូឡាំពិក ដោយថ្ងៃទី១ ផ្ដោតលើការសិក្សាទ្រឹស្ដី និងប្រវត្តិអូឡាំពិក ខណៈថ្ងៃទី២ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមលេងកីឡាជាច្រើន រួមមានកីឡាបាល់ទាត់ បាល់ទះ វាយសី និងកីឡាទាញព្រ័ត្រជាដើម៕