អត្តពលិកជាតិ-អន្ដរជាតិ ១៦.០០០នាក់ នឹងចូលរួមទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ នាសប្ដាហ៍ក្រោយ
28-11-2025 11:27
(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត ខេត្តសៀមរាប នឹងប្រារព្ធរៀបចំខួបលើកទី៣០ របស់ខ្លួន នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ដោយមានអត្តពលិកជាតិ-អន្ដរជាតិចំនួន ១៦.០០០ដុល្លារ នឹងចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។
លោក សែម ផល្លា បានឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការបានទទួលការចុះឈ្មោះសរុប ១៦.០០០នាក់ ទាំងកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលមកពី ៨៦ប្រទេស ។ សម្រាប់អត្តពលិកបរទេស គឺមានជនជាតិអង់គ្លេសច្រើនជាងគេ បន្ទាប់មកមានបារាំង អូស្ដ្រាលី អាមេរិក និងជប៉ុន។ នេះគឺជាតួរលេខបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត រយៈពេល ២៩ឆ្នាំកន្លងមក។ យ៉ាងណាមិញការចុះឈ្មោះបានបញ្ចប់ការចុះឈ្មោះហើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ធ្លាប់បានបញ្ជាក់ថា សម្រាប់ខួប ៣០ឆ្នាំ នៃទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមពាកស្លោក “រត់ដើម្បីភាពយូរអង្វែង” ដែលបង្កប់ន័យសំខាន់ៗ ចំនួន ៤ ពិសេសគឺដើម្បីបង្ហាញនូវមោទនភាព ចំពោះភាពយូរអង្វែងនៃបេតិកភណ្ឌអង្គរ ដែលមានអាយុកាលជាង ៩០០ឆ្នាំ ហើយនៅតែឈរយ៉ាងរឹងមាំ ផ្តល់ជាផ្ទាំងទសន្សនីយភាពដ៏ស្រស់ត្រកាលតែមួយគត់នៅលើពិភពលោក សម្រាប់អ្នករត់ប្រណាំងគ្រប់ទិសទីមកកាន់ឧទ្យានអង្គរ តាមរយៈព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំប្រចាំឆ្នាំនេះ៕










