ម្ចាស់បទ «ដីថ្លៃប្រល័យស្នេហ៍» តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ស្លាប់ដោយសារជំងឺគាំងបេះដូង
28-11-2025 12:38
(ភ្នំពេញ)៖ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ដែលត្រូវបានមហាជនស្គាល់លោកថា ជាម្ចាស់ «ដីថ្លៃប្រល័យស្នេហ៍» ហើយបានចូលរួមសម្ដែងភាពយន្តមួយចំនួនទៀតនេះ នៅពេលនេះលោកបានទទួលមរណភាពហើយ ដោយសាជំងឺគាំងបេះដូង នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
យោងតាមសមាគមសិល្បករខ្មែរ បានបញ្ជាក់ឲ្យដឹងថា ក្នុងបរិយាកាសប្រកបដោយក្ដីអាឡោះអាល័យនេះ សូមចូលរួមសម្ដែងនូវសមានទុក្ខប្រកបដោយភាពសោកស្ដាយជាពន់ពេក ចំពោះការបាត់បង់លោក ម៉ារ៉ា ប៊ណ្ណា ដែលជាតារាចម្រៀងដែលបានរួមដំណើរក្នុងវិស័យសិល្ប:ជាច្រើនឆ្នាំមកហើយ។ ជាពិសេសជាការបាត់បង់នូវសាច់ញាតិប្រកបដោយកតញ្ញូតាធម៌ និងសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ។
សូមចូលរួមរំលែកទុក្ខដល់គ្រួសារតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ម្យ៉ាងទៀត ក៏សូមអំពាវនាវដល់បងប្អូនសិល្បករ សិល្បការិនី ទាំងអស់ដែលមាននូវការរាប់អាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ មេត្តាអញ្ជើញចូលរួមបុណ្យឈាបនកិច្ចសពលោក ម៉ារ៉ា ប៊ុណ្ណា ឱ្យបានច្រើនកុះករ ដែលសពកំពុងតម្កល់ធ្វើបុណ្យ នៅវត្តពោធិចិនតុង ខណ្ឌពោធិសែនជ័យ ដើម្បីស័ក្ដិសមនឹងកិត្តិនាមល្បីល្បាញរបស់លោក ដែលបានបម្រើអារម្មណ៍មហាជនជាច្រើនឆ្នាំកន្លងមកនេះ។
តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាទាំងអស់ នៃសមាគមសិល្បករខ្មែរ យើងខ្ញុំទាំងអស់គ្នា ពិតជាមានសេចក្ដីរន្ធត់ តក់ស្លុតប្រកបដោយក្ដីក្រៀមក្រំជាទីបំផុត ដោយទទួលដំណឹងថា តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា ស្លាប់ដោយសារជំងឺគាំងបេះដូង៕








