អតីតបវរកញ្ញាតំណាងកម្ពុជាឆ្នាំ២០០៦ ស៊ុន ស្រីមុំ បង្ហាញខ្លួននៅកម្ពុជាយ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីឃ្លាតឆ្ងាយពីមាតុភូមិកំណើតជិត ២០ឆ្នាំ
28-11-2025 13:02
(ភ្នំពេញ)៖ ធ្លាប់ជាបវរកញ្ញាតំណាងកម្ពុជា ប្រកួតលើឆាកអន្តរជាតិកាលអំឡុងឆ្នាំ ២០០៦ អ្នកនាង ស៊ុន ស្រីមុំ បានចាកឆ្ងាយពីស្រុកកំណើតទៅជ្រកកោននៅទឹកដីប្រទេសអូស្ត្រាលី អស់រយៈពេលជិត ២ទសវត្សមកហើយ ទើបតែថ្មីៗនេះប៉ុណ្ណោះដែលអតីតបវរកញ្ញាតំណាងកម្ពុជារូបនេះ បានលេចមុខនៅទឹកដីកណើតប្រទេសកម្ពុជាយ៉ាងភ្ញាក់ផ្អើលជាទីបំផុត។
ក្នុងដំណើរកម្សាន្តមកស្រុកកំណើតនាបំណាច់ឆ្នាំ២០២៥នេះ តារាម៉ូដែលរាងខ្ពស់ស្រឡះ ស៊ុន ស្រីមុំ បានចំណាយពេលជួបជុំក្រុមគ្រួសារសាច់ញាតិ និងមិត្តភ័ក្តអ្នកសិល្បៈចាស់ៗខ្លះៗ តាមដែលអាចធ្វើទៅបាន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង អតីតតារាម៉ូដែលសម្បុរស្រអែមស្រស់រូបនេះ បានឆ្លៀតពេលថតឈុតសម្លៀកបំពាក់រដូវកាលថ្មីឱ្យសម្អាងការល្បីឈ្មោះ កោះកេរ្តិ៍ថែមទៀតផង។
ទោះវ័យរៀងជ្រេបន្តិចក៏ពិតមែន តែរូបសម្រស់របស់តារាម៉ូដែលកម្ពុជារូបនេះ នៅតែស្រស់ស្អាតខ្លាំងពេលគ្រងឈុតសម្លៀកបំពាក់កូនក្រមុំតាមបែបប្រពៃណីបុរាណខ្មែរ មើលទៅពិតជាល្អល្អះស័ក្កសមជាស្ត្រីខ្មែរដែលទន់ភ្លន់តែមិនទន់ជ្រាយ។
ឃ្លាតឆ្ងាយពីស្រុកកំណើតរយៈពេលច្រើនឆ្នាំ អ្នកនាង ស៊ុន ស្រីមុំ ដែលធ្លាប់គ្រងតំណែង Miss World Cambodia 2006 ទៅប្រកួតលើឆាកអន្តរជាតិ Miss World 2006 នៅឯប្រទេសប៉ូឡូញ បានបង្ហាញក្តីនឹករលឹកចំពោះមិត្តភ័ក្តិ បងប្អូន និងមិត្តភ័ក្កអ្នកសិល្បៈរួមជំនាន់ ពិសេសការងារសិល្បៈផ្សេងៗដែលធ្លាប់ធ្វើកន្លងមក មិនថាការងារជាតារាម៉ូដែល បវរកញ្ញា ការថតផ្សព្វផ្សាយ ឬការសម្តែងអ្វីឡើយ។
ដ្បិតចាកឆ្ងាយពីវិស័យសិល្បៈច្រើនឆ្នាំ តែគ្រប់យ៉ាងដិតដាមជាប់ក្នុងចិត្តអ្នកនាងជានិច្ច ហើយទោះបីជាទៅរស់នៅឯនាយសមុទ្រឆ្ងាយប៉ុណ្ណា ក៏ចិត្តនៅតែនឹក ហើយស្រលាញ់ការងារសិល្បៈដូចដើមគ្មានអ្វីប្រួលប្រែ ព្រោះដួងចិត្តរបស់តារាម៉ូដែលរូបនេះ នៅតែចង់ភ្ជាប់ជាមួយវិស័យសិល្បៈតាំងពីដើមមក។
គួររំឭកឱ្យដឹងដែរថា អ្នកនាង ស៊ុន ស្រីមុំ ធ្លាប់ជាតារាស្រីមានឈ្មោះបោះសម្លេងម្នាក់ក្នុងរង្វង់សិល្បៈខ្មែរ កាលពីអំឡុងដើមឆ្នាំ២០០០ ដែលកាលនោះអ្នកនាងជាតារាម៉ូដែល ចំណុះក្រោមសាលាបង្រៀនបង្ហាញម៉ូដ សាពណ៌ របស់ អ្នកស្រី សាពណ៌ រិនដល។ ក្រៅពីអាជីពជាតារាម៉ូដែល អ្នកនាង ស៊ុន ស្រីមុំ ធ្លាប់ជាអតីតកីឡាការនីជម្រើសជាតិបាល់បោះ និងគ្រូអប់រំកាយនៅវិទ្យាល័យព្រះយុគន្ធរ និងបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តខ្មែរនៅ «សាកលវិទ្យាល័យ ខេមរៈ»។
មិនតែប៉ុណ្ណោះ អ្នកនាងធ្លាប់ជាគណៈកម្មការការប្រកួតកីឡាបាល់បោះទូទាំងប្រទេស និងធ្លាប់បានចូលរួមធ្វើគណៈមេប្រយោគដាក់ពិន្ទុ កម្មវិធីប្រកួតកញ្ញាឯកថ្នាក់ជាតិជាច្រើនទៀតផង ពោលគឺតាំងពីវិស័យបវរកញ្ញា នៅកម្ពុជាពុំទាន់ទទួលការគាំទ្រខ្លាំងដូចពេលបច្ចុប្បន្នមកម៉្លេះ។ មិនទាន់អស់នៅឡើយទេ អតីតតារាបង្ហាញម៉ូដរូបនេះក៏ធ្លាប់បានចូលរួម កម្មវិធីដើរបង្ហាញម៉ូដព្រឹត្តិការណ៍ជាតិ-អន្តរជាតិ តូចធំជាច្រើន និងធ្លាប់បង្ហាញខ្លួនតាមស៉្បតពាណិជ្ជកម្ម, សូម្បីតែទៅរស់នៅអូស្ត្រាលី ក៏អ្នកនាងឆ្លៀតពេលសម្តែង MV ឱ្យសិល្បករអូស្ត្រាលី និងបានធ្វើជាម៉ូដែលថតម៉ូដ ឱ្យហាងសម្លៀកបំពាក់នៅទីនោះថែមទៀតផង។ ទៀតសោត អតីតបវរកញ្ញាកម្ពុជារូបនេះក៏ធ្វើជាគ្រូបង្រៀនភាសាខ្មែរ ដល់អ្នករស់នៅប្រទេសអូស្ត្រាលីផងដែរ។
រឹតតែគួរឱ្យចងចាំជាងនេះ នៅពេលដែលវិស័យបវរកញ្ញានៅប្រទេសកម្ពុជា ពុំទាន់សូវមានគេស្គាល់ច្រើន តារាម៉ូដែល ស៊ុន ស្រីមុំ បាននាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា ទៅត្រដាងលើឆាកអន្តរជាតិដោយមោទនភាពចំនួន ៣ដង រួមមាន ទី១. កម្មវិធី Miss Tourism Queen International 2006 នៅទីក្រុងសៀងហៃ ប្រទេសចិន ក្នុងឆ្នាំ២០០៦, ទី២. កម្មវិធី Miss World 2006 នៅប្រទេសប៉ូឡូញ ក្នុងឆ្នាំ២០០៦ ដែលកាលនោះមាន ១០៤ប្រទេស ជុំវិញពិភពលោកចូលរួមប្រកួតប្រជែង និងទី៣. កម្មវិធី Miss Tourism International 2006 នៅក័ងចូវ ប្រទេសចិន ដោយបានស្រែកប្រកាសឱ្យវិស័យបវរកញ្ញាពិភពលោកដឹងថា CAMBODIA បានឈរលើឆាកអន្តរស្នើរមុខស្មើរមាត់ជាមួយប្រទេសដទៃហើយ។
ផ្អែកតាមបទបទពិសោធន៍ការងារក្នុងនិងក្រៅសិល្បៈ រួមទាំងស្នាដៃសិល្បៈជាច្រើននាពេលនោះ ជាកត្តាជំរុញដ៏សំខាន់ជួយឱ្យកេរ្តិ៍ឈ្មោះរបស់អ្នកនាងល្បីសុះសាយរហូតមកទល់ពេលនេះ ទោះអ្នកនាងមិនមានស្នាដៃសិល្បៈច្រើនដូចមុន តែគ្រប់គ្នានៅតែចង់ចាំស្នាដៃចាស់របស់តារាម៉ូដែល រៀមច្បងរូបនេះទុកក្នុងចិត្តជានិច្ច៕
























