Huawei និង ZTE  ក្លាយជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា 5G ឲ្យវៀតណាម​ បន្ទាប់ពីរដ្ឋអាមេរិកដាក់ពន្ធ

28-11-2025 13:41

(បរទេស)៖ ប្រទេសវៀតណាម ត្រូវបានរាយការណ៍មកថា បានចុះកិច្ចសន្យាជាច្រើនជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei និង ZTE របស់ចិន សម្រាប់ការផ្គត់ផ្គង់ឧបករណ៍បណ្ដាញ 5G មានតម្លៃសរុបលើស ៤៣លានដុល្លារជាផ្លូវការ។ កិច្ចព្រមព្រៀងទាំងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ពន្ធលើទំនិញវៀតណាម បណ្តាលឱ្យមានការប្រែប្រួលយុទ្ធសាស្ត្ររបស់ទីក្រុងហាណូយចំពោះជម្រើសបច្ចេកវិទ្យាពីបណ្តាប្រទេសធំៗ។ នេះបើយោងតាមរយៈរាយការណ៍របស់ Reuters ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រុមហ៊ុន Huawei ជាមួយដៃគូរបស់ខ្លួន បានទទួលកិច្ចសន្យាអំពីបណ្ដាញ 5G នៅខែមេសា ក្នុងតម្លៃប្រមាណ ២៣លានដុល្លារ ខណៈ ZTE ក៏បានឈ្នះលើកិច្ចសន្យាពីរទៀតសម្រាប់ផ្គត់ផ្គង់អង់តែន 5G មានតម្លៃជាង ២០លានដុល្លារ។ កិច្ចសន្យាដំបូងរបស់ ZTE ត្រូវបានប្រកាសជាផ្លូវការនៅខែកញ្ញា ពោលគឺមានរយៈពេលមួយខែប៉ុណ្ណោះ ក្រោយពេលពន្ធថ្មីរបស់អាមេរិកចាប់ផ្តើមអនុវត្តលើទំនិញវៀតណាម។ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិនកើតឡើងក្នុងពេលដែលវៀតណាមកំពុងអភិវឌ្ឍបណ្ដាញ 5G ដើម្បីបំពេញតម្រូវការប្រព័ន្ធអេកូឡូស៊ីឌីជីថល និងឧស្សាហកម្មឆ្លាតវៃ។ ទោះបីជាយ៉ាងណា អ្នកវិភាគបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ចិននៅតែផ្អែកតាមផ្នែក «មិនមែនជម្រើសស្នូល» (non-core) ឡើយ ខណៈឧបករណ៍ស្នូលបណ្ដាញនិងបច្ចេកវិទ្យាសំខាន់ៗនៅតែស្ថិតនៅក្នុងដៃក្រុមហ៊ុនពីអឺរ៉ុបដូចជា Ericsson និង Nokia។ នេះបើយោងតាមការបញ្ជាក់របស់ប្រភពព័ត៌មាន។

អ្នកវិភាគមួយចំនួនបានចាត់ទុកកិច្ចព្រមព្រៀងថ្មីៗនេះថា ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាម និងចិន ពិសេសក្រោយពេលទីក្រុងប៉េកាំង និងហាណូយបានពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគថ្មីៗជាច្រើន។ ប្រទេសខាងលិចខ្លះបានបង្ហាញការព្រួយបារម្ភអំពីហានិភ័យសន្តិសុខបណ្ដាញ ដោយសារក្រុមហ៊ុន Huawei និង ZTE ត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងបណ្ដាញទូរស័ព្ទចល័តរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះគេមិនទាន់ច្បាស់ថា ការចុះកិច្ចសន្យាទាំងនេះមានទំនាក់ទំនងដោយផ្ទាល់ជាមួយការដាក់ពន្ធរបស់អាមេរិកឬអត់ ប៉ុន្តែការប្រែប្រួលនេះបង្ហាញថា វៀតណាមកំពុងតែពង្រីកជម្រើសបច្ចេកវិទ្យារបស់ខ្លួន ដើម្បីធានាការប្រកួតប្រជែង និងលំនឹងសេដ្ឋកិច្ចក្នុងតំបន់៕